(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងប្រធានលេខាធិការដ្ឋានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និង លោក ម៉ូត យូសុះ សមាជិករដ្ឋសភា តំណាងរាស្ត្រខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ និងពិនិត្យមើលការដ្ឋានវិហារឥស្លាមដែលកំពុងសាងសង់ នៅភូមិឈើទាលតូច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

កម្មវិធីក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំគណៈចលនាឥស្លាមខេត្ត និងលោល ខេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសនេះ លោក រ៉ូហ្វី អូស្មាន បាននាំយកនូវផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោកស្រី ជូនចំពោះប្រជាពលរដ្ឋ ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។

លោកក៏បានបន្តលើកឡើងពីសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងឱកាសនោះដែរ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋបន្តការបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងជាម្លប់សន្តិភាពដល់សង្គមជាតិទាំងមូល។

សមិទ្ធផលនៃវិហារឥស្លាមដែលកំពុងសាងសង់មានទំហំ ៥១០ម៉ែត្រការ៉េ ចំណាយថវិកាសាងសង់សរុប២២០,០០០ ដុល្លារ និងអំណោយជាកញ្ចប់អាហារដែលមានសម្រាប់ ១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីទ្បូក្រាម និងថវិកា៤០,០០០រៀល និងមួយគ្រួសារទៀត ជាជនពិការ ទទួលបាន អង្ករ១០០គីឡូក្រាម មី២កេស ទឹកស៉ីអ៉ីវ១យួរ ម្ហូបអាហារ និងថវិកាសរុប១,០៤០,០០០រៀល៕