(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានថ្លែងអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះគ្រឿងញៀននាំឲ្យបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ការថ្លែងរបស់លោក សួន សុម៉ាលីន បែបនេះ បានធ្វើឡើងនៅពេលដែលលោកតំណាងអភិបាលខេត្តព្រៃវែង អញ្ជើញក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាល័យព្រះអង្គឌួង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២។ ពិធីនេះមានការចូលរួមពីមន្ត្រីរាជការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករ។

លោកអភិបាលរងខេត្តព្រៃវែង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមនឹងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបញ្ចេញអស់ពីកម្លាំងកាយចិត្ត ក្នុងការខិតខំបង្រៀនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ឱ្យទទួលបាននូវចំណេះដឹង ទាំងអស់គ្នា ទោះជាប្រទេសយើងជួបនូវវិបត្តិនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ដើម្បីឲ្យសមស្របទៅនឹងពាក្យស្លោកមួយឃ្លាថា «កុមារជាទំពាំងស្នងឬស្សី» ចូរក្មួយៗត្រៀមខ្លួនឲ្យបានល្អ ដើម្បីត្រង់ត្រាប់ទទួលនូវការណែនាំអប់រំ ចូលរួមគ្រប់ សកម្មភាពបង្រៀន របស់លោកគ្រូ-អ្នកគ្រូ ដើម្បីទទួលចំណេះដឹងថ្មីៗ បទពិសោធ និងបំណិនផ្សេងៗ ឈានទៅអភិវឌ្ឍន៍សង្គមជាតិបន្តវេនពីរៀមច្បងរបស់យើង។ ទន្ទឹមនឹងនេះ សូមប្អូនៗ ក្មួយៗ អនុវត្តឲ្យខាងតែបាន គោលការណ៍ប្រតិបត្តិស្តង់ដា ( SOP) របស់ក្រសួងសុខាភិបាល នូវវិធានការណ៍ទប់ស្កាត់ជម្ងឺកូវីដ១៩។

លោកអភិបាលរងខេត្ត ក៏បានផ្ដល់បណ្ណសរសើរដល់សិស្សានុសិស្ស ប្អូនៗ ក្មួយៗ ដែលរៀនពូកែជាប់ចំណាត់ថ្នាក់ល្អនៅក្នុងពិធីនោះផងដែរ។

បើតាមរបាយការណ៍របស់លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានលើកឡើងថា វិវត្តនៃការសិក្សារបស់សិស្សានុសិស្សនៅក្នុងខេត្តព្រៃវែងនាពេលកន្លងមក ដោយមានរៀបចំ រៀនតាម Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡារៀនតាម Chats Messenger, រៀនតាមកម្មវិធី ZOOM និងរៀនតាមបង្គុំ (ក្រោម១០នាក់)។

លោកប្រធានមន្ទីរបានបន្តទៀតថា ដោយប្រទេសកម្ពុជាបច្ចុប្បន្នមានសភាពធូរស្រាល នៃការរីករាលដាលមេរោគកូវីដ-១៩ និងការចម្លងនៅក្នុងសហគមន៍ត្រូវបានបិទបញ្ចប់ និងយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពង់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានបើកឲ្យដំណើការឡើងវិញនូវគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់សិស្សានុសិស្សចូលសិក្សាឡើងវិញ ហើយព្រមទាំងបើកនូវសាលាមត្តេយ្យសិក្សា សម្រាប់ឲ្យកុមារអាយុពី ៣ឆ្នាំដល់៥ឆ្នាំបានចូលរៀនផងដែរ។

លោកប្រធានមន្ទីរ ក៏បានបន្ថែមទៀតថា ចំពោះលទ្ធផលនៃការសិក្សារបស់សិស្ស បានបញ្ជឲ្យឃើញថា លោកគ្រូ-អ្នកគ្រូ ពិតជាមានសមត្ថភាព និងមនសិការវិជ្ជាជីវៈខ្ពស់បញ្ចេញអស់ពីកម្លាំងកាយ-ចិត្ត ដណ្ដើមស្នាដៃគួរឲ្យកោតសរសើរ រួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិ ប្រកបដោយកិត្តិយស និងភាពថ្លៃថ្នូរជា ទីបំផុត ទោះបច្ចុប្បន្នមេរោគដ៏សាហាវកូវីដ-១៩ កំពុងយាយីយ៉ាងណាក៏ដោយ៕