(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលថ្មីនៅវិទ្យាល័យជា ស៊ីម តាកែវ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានអំពាវនាវលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ ដោយទាមទារលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវរៀនរស់ជាមួយកូវីដតាមកន្លងប្រក្រតីភាពថ្មី។

ថ្លែងនៅចំពោះមុខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមនៅក្នុងពិធីបើកបវេសនកាលថ្មី លោកអភិបាលរងខេត្ត បានថ្លែងបន្តថា «យើងទាំងអស់គ្នា ត្រូវចូលរួមបង្ការ និងទប់ស្កាត់វិបត្តិជាសកលនៃជំងឺកូវីដ ដោយបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅប្រធានសុវត្ថិភាពនានា ជាពិសេសសូមលោកគ្រូ អ្នកគ្រូ និងបងប្អូនសិស្សានុសិស្សទាំងអស់ នាំគ្នាទៅចាក់វ៉ាក់សាំងគ្រប់គ្នា និងត្រូវបន្តការអនុវត្តវិធានការ ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។

ក្រៅពីបានអំពាវនាវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ អភិបាលរងខេត្តតាកែវ មូល វិចិត្រ ក៏បានស្នើលោកគ្រូ អ្នកគ្រូ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងចំណេះដឹង វិធីសាស្រ្តបង្រៀន រួមទាំងបច្ចេកវិទ្យាព័ត៌មានថ្មីៗ ភាសាបរទេស ដើម្បីយកចំណេះដឹងមកបង្ហាត់បង្រៀនសិស្សឲ្យកាន់តែឆាប់យល់ដឹងប្រសើរឡើងថែមទៀត ចំពោះសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ឲ្យបានខ្ជាប់ខ្ជួនព្រមទាំងចូលរួមគ្រប់សកម្មភាពនានា ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិរបស់យើងឲ្យកាន់តែរីកចម្រើនថែមទៀត៕