(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះពិនិត្យ វាយតម្លៃយោធិន នៃកងរាជអាវុធហត្ថដែលដល់អាយុចូលនិវត្តន៍ឆ្នាំ២០២២ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានលើកឡើងថា នាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនចង់ឲ្យនាយទាហានយើងណាម្នាក់ចាកចេញពីអង្គភាពនោះទេ តែនេះគឺច្បាប់កងយោធពលខេមរភូមិន្ទ ដែលបានកំណត់ ហើយគ្រប់គ្នាត្រូវតែគោរព។ ចំពោះការចូលនិវត្តន៍នេះ អង្គភាពរបស់យើងកាន់តែយកចិត្តទុកដាក់រហូតដល់ទីបញ្ចប់។

លោកឧត្តមសេនីយ៍ឯក បានបន្តថា «ជាគោលការណ៍ថ្មី ត្រូវរៀបចំនាយទាហាន នាយទាហានរងទាំងអស់ ទៅតាមតួនាទី ទៅតាមប្រអប់នៃឋានន្តរស័ក្តិចំពោះមុខងារនីមួយៗ»

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើសេចក្តីរាយការណ៍ថា បន្ទាប់ពីទទួលបានសេចក្តីណែនាំចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការអនុវត្តន៍តាមរបបសោធននិវត្តន៍ និងយោធិនបាត់បង់សមត្ថភាពការងារ ចំពោះយោធិនទាំង២ភេទ នៃកងយោធពលខេមរភូមិន្ទ អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់តាំងជំនាញកសាងកម្លាំង ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ជូនយោធិន ដែលមានឈ្មោះត្រូវចូលសោធននិវត្តន៍ឆ្នាំ២០២២។

លោកមេបញ្ជាការ បានបញ្ជាក់ថា យោធិនដែលមានឈ្មោះត្រូវចូលសោធននិវត្តន៍មានចំនួន៧នាក់ និងសុំចូលសោធននិវត្តន៍មុនពេលកំណត់ម្នាក់៕