(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹង នៅក្នុងសន្និសីទកាសែត នៅព្រឹកនេះថា ក្នុងរយៈពេលជិត៣សប្តាហ៍ នៃដំណើរទស្សនកិច្ចរបស់លោក នៅលើទឹកដីសហរដ្ឋអាមរិក និងប្រទេសកាណាដា ចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦​ ទទួលបានលទ្ធផលល្អលើស ពីការរំពឹងទុក ហើយក៏ទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅទីនោះផងដែរ។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យដឹងថា លទ្ធផលដែលទទួលបានក្នុងដំណើរ ទស្សនកិច្ច នៅប្រទេសអាមេរិក និងនៅប្រទេសកាណាដា គឺទទួលលទ្ធផលបីធំៗ រួមមានទីមួយ លោក ហ៊ុន ម៉ាណែត និងក្រុមការងារបានជួបជុំជាមួយប្រជាពលរដ្ឋ​ រាប់ពាន់នាក់នៅទីនោះ ហើយក៏ទទួលបានភាពសប្បាយរីករាយ ក្នុងការអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងមកនេះ។

ចំណុចទីពីរ លោក ហ៊ុន ម៉ាណែត និងក្រុមការងារបានចូលរួមចំណែក ក្នុងការផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់កម្ពុជា នៅលើទឹកដីប្រទេសទាំងពីរ ក្រៅពីលោក និងក្រុមការងារ ក៏បានប្រាប់ពីស្ថានភាពជាច្រើន ពីប្រទេសកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសអាមេរិក និងប្រទេសកាណាដា។

ចំណុចចុងក្រោយ គឺក្រុមការងារ​បានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៅប្រទេសអាមេរិក និងកាណាដា ពិភាក្សាពីការពង្រឹងពាណិជ្ជកម្ម ការស្នើសុំឲ្យផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសកាណាដា គឺការសុំឲ្យភាគីកាណាដា ពិចារណាការផ្តល់ទិដ្ឋាការ ការងារឲ្យប្រជាពលរដ្ឋមានឱកាសទៅធ្វើការ នៅប្រទេសកាណាដារយៈពេលខ្លី។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានអរគុណដល់អាជ្ញាធរ និងថ្នាក់ដឹកនាំ រួមទាំងប្រជាពលរដ្ឋដែលរស់នៅ ក្នុងប្រទេសអាមេរិក និងកាណាដា ដែលបានជួយសម្រូលរាល់ការងារ របស់លោក និងក្រុមការងារ ដែលធ្វើដំណើរទស្សនកិច្ចនៅទីនោះ។ ក្រៅពីនោះ លោក ហ៊ុន ម៉ាណែត ក៏បានការពារសន្តិសុខ សុវត្ថិភាព និង ទទួលស្វាគមន៍ ដល់លោករួមនិងក្រុមការងារ យ៉ាងកក់ក្តៅជាទីបំផុត៕