(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា អ្នកណាដែលចង់ឲ្យមនុស្សស្លាប់ដោយអត់ស្បៀងអាហារ ឈឺដាច់ពោះស្លាប់អត់មានថ្នាំសង្កូវព្យាបាលនោះគឺ ពួកគេប្រឆាំងនឹងការផ្តល់ជំនួយទៅឲ្យប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយប្រជាជនមីយ៉ាន់ម៉ា។

តាមរយៈបណ្តាញសង្គម Facebook លោកសួន សេរីរដ្ឋា បានលើកឡើងដូច្នេះថា៖ «ចំពោះក្រុមអ្នកដែលចង់ឲ្យមនុស្សស្លាប់ ដោយអត់ស្បៀងអាហារ ឈឺដាច់ពោះស្លាប់អត់មានថ្នាំសង្កូវព្យាបាលនោះគឺ ពួកគេប្រឆាំងនឹងការផ្តល់ជំនួយទៅឲ្យប្រទេសមីយ៉ាន់ម៉ាដើម្បីជួយប្រជាជនមីយ៉ាន់ម៉ា…ហើយអ្នកណាដែលប្រឆាំងនឹងបទឈប់បាញ់គ្នា គឺអ្នកនោះប៉ុនប៉ងចង់មនុស្សស្លាប់ និងបាត់បង់សន្តិភាព បាត់បង់ស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា»

ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន អំឡុងទស្សនកិច្ចនៅមីយ៉ាន់ម៉ា, មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ និងបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកបានប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ និងធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

ទោះបីជាដំណើរទស្សនកិច្ចនេះ បានហុចផ្លែផ្កាយ៉ាងច្រើនដល់នយោបាយនៅក្នុងតំបន់ និងពិភពលោក ជាពិសេសសម្រាប់មីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែលទ្ធផលនេះហាក់ដូចជាដំណឹងអាក្រក់សម្រាប់ក្រុមប្រឆាំងមួយចំនួន។ តាមបណ្តាញសង្គម Facebook លោក សម រង្ស៉ី បានវាយប្រហារចំពោះជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក មីន អោង ឡាំង។ ដោយឡែកនាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិយូមែនរ៉ៃត៍ រ៉ច្ឆ (Human Right Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បែរជាចាត់ទុកថា ទស្សនកិច្ចនេះគឺការប្រមាថមើលងាយចំពោះពលរដ្ឋមីយ៉ាន់ម៉ាទៅវិញ។

លោកសួន សេរីរដ្ឋា បានលើកឡើងទៀតថា៖ ពីមុនសហគមន៍អន្តរជាតិ ជួយកម្ពុជារកសន្តិភាពតែមិនជោគជ័យ រហូតដល់កម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ខំដឹកនាំស្វែងរកសន្តិភាពបានដោយខ្លួនឯងប្រកបដោយជោគជ័យ ! ថ្ងៃនេះកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៏សន្តិភាពនៃកម្ពុជា បានចេញដំណើរផ្តួចផ្តើមជួយស្វែងរកសន្តិភាពឲ្យប្រទេសនិងប្រជាជនមីយ៉ាន់ម៉ា (ភូមា) ជាប្រទេសសមាជិកក្នុងតំបន់ និងជាប្រជាជនមានចំណងប្រពៃណីប្រវត្តិសាស្ត្រ (ខ្មែរមន ឬមនខ្មែរ) ជាមួយគ្នាតាំងពីជាងមួយពាន់ឆ្នាំមកហើយ។

លោកបន្តថា៖ «វាគឺជាមហាកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលមានមេដឹកនាំដូច សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រវត្តិសាស្ត្រដែលក្រៅពីបានរំដោះអាយុជីវិតប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហម ផ្តល់សិទ្ធិរស់រៀនមានជីវិតសារជាថ្មី ជូនប្រជាជន ដឹកនាំកសាងសន្តិភាព និងអភិវឌ្ឍន៍ប្រទេសឲ្យមានស្ថេរភាពរួចហើយ សម្តេចតេជោ បានព្យាយាមចែករំលែកដល់ពិភពលោកពីនយោបាយឈ្នះឈ្នះ ដែលនាំកម្ពុជាឲ្យបញ្ចប់បានទាំងស្រុងនូវសង្គ្រាមស៊ីវិល ប្រជាជនបានរស់នៅស្គាល់រស់ជាតិសន្តិភាពពិតប្រាកដដែលគ្មានសង្គ្រាមជាង ២ ទសវត្សមកនេះ ! ហើយពេលនេះ បានបោះជំហ៊ានចេញទៅជួយប្រទេសជិតខាងក្នុងតំបន់ដើម្បីជួយស្វែងរកសន្តិភាព ជូនប្រទេសនិងប្រជាជនមីយ៉ាន់ម៉ា (ភូមា) ថែមទៀត»

លោកបានបញ្ជាក់បន្ថែមទៀតថា៖ កាយវិការស្រលាញ់សន្តិភាពនិយម ស្រលាញ់សាច់ឈាមមនុស្សជាតិនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានឲ្យយើងនឹកដល់ ព្រះបាទជ័យវរ្ម័នទី ៧ នៃអាណាចក្រខ្មែរសម័យអង្គរ ដែលកាលណោះ ក្រៅពីព្រះអង្គបានរំដោះនគរខ្មែរពីភាពវឹកវរ កសាងសន្តិភាពបញ្ចប់ជម្លោះខ្មែរនិងខ្មែរ ហើយកសាងអភិវឌ្ឍន៍នគរខ្មែរឲ្យក្លាយជាមហាអាណាចក្រដ៏ល្បាញល្បីរួចហើយ ព្រះអង្គបានបោះជំហ៊ានទៅជួយនគរចម្ប៉ាដែលជានគរជិតខាងក្នុងតំបន់ឲ្យមានសន្តិភាពដូចគ្នា ! ។ នេះមិនមែនជាការចៃដន្យ ឬជាការលើកបញ្ជោរទេដែល សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបច្ចុប្បន្នលោកមានចក្ខុវិស័យដឹកនាំដូចគ្នានឹងព្រះបាទជ័យវរ្ម័នទី៧ នៃអាណាចក្រខ្មែរកាលពីសម័យអង្គរ ! តែគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលកូនខ្មែរគ្រប់គ្នាយើងត្រូវតែទទួលយកការពិត និងមានមោទនភាពដែលយើងមានមេដឹកនាំដ៏អស្ចារ្យ ! ៕