(ឧត្តរមានជ័យ)៖ មនុស្សប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ចាប់ខ្លួនបន្ទាប់ពីឃុបឃិតគ្នាស៉ីដាច់លុយថៅកែរបស់ខ្លួនជាង៤០លានរៀល ក្រោយរូបភាពភូតកុហកថា ពួកគេត្រូវចោរប្លន់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ជា ឡាំងអ៊ូ ភេទស្រី អាយុ៤២ឆ្នាំ មានមុខរបរទិញ លក់ ស្រូវ រស់នៅភូមិកំណប់ សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង និងឈ្មោះ សេ ចាន់ហៅជឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករលីស្រូវឡើងឡាន រស់នៅភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប និងដកហូតបានវត្ថុតាងលុយ ចំនួន៣៩លានរៀល។

លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងរៀបរាប់ពីដំណើរឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ឈ្មោះ ជា ឡាំងអ៊ូ បានខលទូរស័ព្ទ ប្រាប់ថៅកែស្រូវរបស់ខ្លួនថា ខ្លូនមានស្រូវចំនួន០៤ឡាន ហើយម្ចាស់ស្រូវតម្រូវឲ្យកក់លុយមុនចំនួន៥លានរៀល បើមិនកក់លុយទេគេលក់ស្រូវឲ្យអ្នកផ្សេងហើយ។ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ថៅកែស្រូវបានដាក់លុយតាមវីងមកឲ្យចំនួន៤០លានរៀល ដើម្បីឲ្យទិញស្រូវ។

មុនពេលទៅដកលុយខាងលើនេះ ស្ត្រីជាជនសង្ស័យបានរៀបចំគម្រោងការដោយឲ្យឈ្មោះ សេ ចាន់ ហៅជឿន អាយុ៣៤ឆ្នាំ មកចាំធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូ ឆក់ យកលុយ។លុះដល់ពេលដែលស្ត្រីនោះ កំពុងជិះម៉ូតូម្នាក់ឯង មកដកលុយនៅកន្លែងវីង ផ្សារសំរោង ហើយក៏ជិះម៉ូតូត្រឡប់មកវិញ ដល់ត្រង់ចំណុចផ្លូវកៅស៊ូខាងជើង បន្ទាយស៊ុប ចម្ងាយ១០០ម៉ែត្រ មានឱកាសស្ងាត់ឈ្មោះ សេ ចាន់ ហៅជឿន បានជិះម៉ូតូតាមពីក្រោយមកទន្ទឹមគ្នា បើកល្បឿនយឺតៗ ហើយពួកគេបានធ្វើសកម្មភាព ដូចការគ្រោងទុក ដោយធាក់ផ្ដួលម៉ូតូ រួចយកកាបូបលុយបើកម៉ូតូរត់គេចខ្លួនបាត់ទៅ។

បន្ទាប់ពីទទួលបានព័ត៌មានភា្លម លោកឧត្ដមសេនីយទោ ហួត សុធី បានបញ្ជាឲ្យកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា បទល្មើសរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០២នាក់ខាងលើ និងរកឃើញលុយចំនួន៣៩លានរៀលវិញ។

ករណីនេះ កម្លាំងជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ដ ចាត់ការតាមនីតិវិធីច្បាប់។ បច្ចុប្បន្នជនត្រូវចោទទាំង២នាក់ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២៕