(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលអំពីរបៀបសរសេរព័ត៌មានរបស់ Fresh News បានបិទបញ្ចប់មេរៀនចុងក្រោយរបស់ខ្លួន អំពីការសរសេរបទ «វិចារណកថា» និង«បទអត្ថាធិប្បាយ» ដោយជោគជ័យហើយ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ។ ការសិក្សានេះបង្រៀនដោយផ្ទាល់ពី លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ដែលមានសិក្ខាកាមប្រមាណ៣០នាក់។

ការសរសេរបទអត្ថាធិប្បាយ និងវិចារណកថា ជាប្រភេទអត្ថបទដែលមានទម្រង់ប្រហាក់ប្រហែលគ្នា ដែល លោក ម៉ារ យ៉ារិទ្ធ បានបញ្ជាក់ថា អ្នកដែលអាចសរសេរអត្ថបទប្រភេទនេះបាននៅលើសារព័ត៌មាន លុះត្រាតែជាថ្នាក់ដឹកនាំអង្គភាព ដែលមានចំណេះដឹងខ្ពស់ខ្ពស់ និងអ្នកដែលបានតាមដានព័ត៌មានយ៉ាងស៊ីជម្រៅ មិនមែនជាសារព័ត៌មានធម្មតានោះទេ។

ក្នុងបទអត្ថាធិប្បាយ អ្នកសរសេរអាចវែកញែកលើប្រធានបទណាមួយ ដោយប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយធ្វើការវិភាគនៅក្នុងប្រធានបទនោះ និងចែករំលែកអំពីការយល់ឃើញរបស់ខ្លួនជាមួយនឹងអំណះអំណាងណាមួយរឹងមាំទៅដល់អ្នកអាន។ ខណៈដែលបទវិចារណកថា គឺជាប្រភេទអត្ថបទដែលបង្ហាញអំពីគំនិតស្ថាប័នសារព័ត៌មានលើបញ្ហាអ្វីមួយ។ ការសរសេរនេះទៀតសោធត្រូវព្យាយាមបញ្ចុះបញ្ចូលអ្នកអាន ឱ្យគិតតាមរបៀបអ្នកយល់ ដើម្បីឱ្យគេគិតយល់ដូចគ្នា។

ការសិក្សាអំពីការសរសេរបទវិចារណកថា និងបទអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពី FTC បានបង្ហាត់បង្រៀនអំពីមូលដ្ឋានគ្រឹះ ការសរសេរអត្ថបទដំណឹង (Spot News) ការធ្វើបច្ចុប្បន្នភពព័ត៌មាន (News Update ឬ News Developing), ការសរសេរបទយកការណ៍ (News Feature) និងការសរសេរអត្ថបទកម្សាន្ត (Feature Story) ជាដើម។

សូមបញ្ជាក់ថា នាពេលនេះ FTC បានប្រកាសអំពីការបើកវគ្គបណ្តុះបណ្តាលអំពី ការសរសេរអត្ថបទដំណឹង (Spot News) ការធ្វើបច្ចុប្បន្នភពព័ត៌មាន (News Update ឬ News Developing), ការសរសេរបទយកការណ៍ (News Feature) និងការសរសេរអត្ថបទកម្សាន្ត (Feature Story) ជាដើម។ វគ្គថ្មីនេះ កំពុងទទួលពាក្យចូលរៀនចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ និងចាប់ផ្ដើមចូលសិក្សានៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ តែម្តង។

ថ្នាក់សិក្សានេះមានលោក ម៉ារ យ៉ារិទ្ធ ដែលជាប្រធាននៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាអ្នកបង្ហាត់បង្រៀនដោយផ្ទាល់។ ព្រឹទ្ធាចារ្យដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំរូបនេះ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា និងចុះឈ្មោះសូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334៕