(ភ្នំពេញ)៖ លទ្ធផលដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឬភូមា ក្នុងរយៈពេលត្រឹមតែ១ថ្ងៃ បានបញ្ចប់ជាមួយលទ្ធផលដ៏ល្អប្រសើរលើសការរំពឹងទុក។

តាមរយៈជំនួបដ៏មានសារសំខាន់នោះ នាយឧត្តមសេនីយ៍យោធា មីង អោងឡាំង មេដឹកនាំមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្នជាមួយសម្ដេចតេជោ ហ៊ុន សែន បានឯកភាពគ្នា ដោយបញ្ឈប់ការប្រើប្រាស់អំពើហិង្សា ឬការបាញ់ប្រហារគ្នាទៅវិញទៅមក និងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ទៅកាន់ប្រទេសមួយនេះ។

លទ្ធផលខាងលើនេះ ក៏ត្រូវបានលោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលអមដំណើរសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីសម្ដេចបានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព។

បន្ថែមពីការផ្ដល់ចម្លើយលម្អិតពាក់ព័ន្ធលទ្ធផលនៃដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីជាតំណាងចូលរួមដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ក៏បានបង្ហើរជាសំណួរមួយដែរថា តើមានអ្នកប្រឆាំងជាមួយលទ្ធផលបទឈប់បាញ់ និងជំនួយមនុស្សធម៌ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែរឬទេ? ហើយប្រសិនបើនៅតែប្រឆាំងទៀតនោះ អ្នកទាំងអស់នេះ មានសារធាតុជាមនុស្សដែរឬទេ?

ប្រេសិតពិសេសរបស់ប្រទេសអាស៊ានរូបនេះ បានអះអាងទៀតថា អ្នកដែលប្រឆាំងជាមួយបទឈប់បាញ់ និងជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា តើចង់ឃើញមនុស្សស្លាប់ ឬរបួសដោយសារការសង្គ្រាម ឬចង់ឃើញមនុស្សស្លាប់ដោយសារអត់អាហារ និងថ្នាក់សង្កូវមែនឬទេ? ខណៈលោកថា លទ្ធផលបទឈប់បាញ់ និងជំនួយមនុស្សធម៌នេះ ជារឿងចាំបាច់បំផុតរបស់មីយ៉ាន់ម៉ានៅពេលនេះ។

លោក ប្រាក់ សុខុន បានបញ្ជាក់ច្បាស់ៗបែបនេះថា «ខ្ញុំគិតថាអ្វីដែលយើងសម្រេចបាន នៅក្នុងការចរចា ការពិភាក្សាជាមួយមេដឹកនាំរបស់មីយ៉ាន់ម៉ា គឺជាលទ្ធផលវិជ្ជមានខ្លាំងណាស់ ហើយក៏ជាជំហ៊ានជឿនលឿនមួយក្នុងការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចដែលមេដឹកនាំអាស៊ានឯកភាពគ្នាកន្លងទៅ។ ជាការសន្និដ្ឋានមានការជឿនលឿនបែបនេះហើយ បើនៅតែមានអ្នកប្រឆាំងទៅនឹងការព្រមព្រៀងបែបនេះ គឺមានតែអ្នកដែលស្រលាញ់សង្គ្រាម អ្នកដែលមិនចង់ឃើញប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកសន្ដិភាពវិញទេ ទើបប្រឆាំងលទ្ធផលនេះ»

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានបង្ហាញនូវក្ដីរំពឹងដែរថា អ្នកផងទាំងពួងដែលធ្លាប់តែរិះគន់គម្រោងទស្សនកិច្ចរបស់សម្ដេចតេជោ នឹងទទួលយកនូវលទ្ធផលដែលសម្រេចបាន ក្រោយការជួបពិភាក្សាគ្នាប្រមាណ២ម៉ោង រវាងសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះរបស់កម្ពុជា និងលោក មីង អោងឡាំង ដោយសន្យានុម័ត ពោលមិនយកគំនិតនយោបាយអវិជ្ជមានផ្ទាល់ខ្លួន មកគ្របដណ្ដប់លើការវិនិច្ឆ័យនោះទេ។

រដ្ឋមន្ដ្រីការបរទេសកម្ពុជារូបនេះ បានបន្ថែមទៀតថា លទ្ធផលនៅពេលនេះ គឺជាការបើកផ្លូវដ៏សំខាន់មួយសម្រាប់ឲ្យប្រទេសមីយ៉ាន់ម៉ា ស្វែងរកសន្ដិភាព ស្វែងការស្ងប់ស្ងាត់នៅផ្ទៃក្នុងរបស់ខ្លួន។ លោកអះអាងទៀតថា ទាំងប្រធានអាស៊ាន និងប្រេសិតពិសេស នឹងមិនដើរតួជំនួសប្រជាជនមីយ៉ាន់ម៉ា ក្នុងការស្វែងសន្ដិភាព និងការផ្សះផ្សារជាតិនោះទេ ពោលគ្រាន់តែជួយសម្របសម្រួល និងបញ្ចុះបញ្ជូលគ្រប់ភាគីទាំងអស់។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីម្សិលមិញនេះ សម្ដេចជាមេដឹកនាំបរទេសដំបូងគេ ដែលបានធ្វើដំណើរដោយផ្ទាល់ទៅកាន់ប្រទេសមួយនេះ បន្ទាប់មានការទម្លាក់លោកស្រី អោង សានស៊ូជី ចេញពីតំណាងដោយកម្លាំងយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។

មុនដំណើរទស្សនកិច្ចនេះ ការរិះគន់ និងតិះតៀនជាច្រើនបានធ្លាក់មកជាបន្ដបន្ទាប់ លើប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទាំងការធ្វើបាតុកម្មប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ការដុតរូបថតសម្ដេច និងឈានរហូតដល់ការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់ នៅចម្ងាយប្រមាណ១០០ម៉ែត្រពីស្ថានទូតកម្ពុជា ប្រចាំប្រទេសមួយនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន មុនឈានជើងចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសដែលកំពុងតែមានវិបត្តិនយោបាយមួយនេះ បានបញ្ជាក់ច្បាស់ហើយថា ដំណើរទស្សនកិច្ចដើម្បីពិភាក្សាជាមួយលោក មីង អោងឡាំង នេះមិនផ្ទុយពីធម្មនុញ្ញអាស៊ាន និងកុងសងស៉ីសចំនួន៥ចំណុច ដែលសម្រេចដោយប្រទេសសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ នៅប្រទេសឥណ្ឌូនេស៉ីនោះទេ។

ពិតណាស់ដូចអ្វីដែលបានប្រកាសជារឿយៗ របស់សម្ដេចតេជោ ហ៊ុន សែន មុនធ្វើដំណើរទៅមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ម្សិលមិញ ចំថ្ងៃដែលកម្ពុជារំលឹកខួបអនុស្សាវរីយ៍ លើកទី៤៣ នៃជ័យជម្នះលើរបបប្រល័យពូជសាសន៍នោះ លទ្ធផលដែលសម្រេចបានក្នុងជំនួបពិភាក្សាជាមួយ លោកឧត្តមសេនីយ៍យោធា មីង អោងឡាំង គឺបញ្ឈប់ការប្រើប្រាស់អំពើហិង្សា បញ្ឈប់ការប្រើប្រាស់ចុងអាវុធ និងអនុញ្ញាតឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់គ្រប់ភាគីនៅមីយ៉ាន់ម៉ា។

ការយល់ព្រមអនុវត្តបទឈប់បាញ់ បញ្ឈប់អំពើហិង្សា និងទទួលយកជំនួយរបស់មីយ៉ាន់ម៉ា រួមទាំងស្វាគមន៍ចំពោះប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២នេះ ជាការវិវឌ្ឍថ្មីស្របទៅតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គោលការណ៍ទាំង៥ចំណុចនេះ រួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ក្រោយសម្រេចបានលទ្ធផលបែបនេះ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារឌីដងមួយដល់ក្រុមអ្នកដែលប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្ដេច ពិសេសប្រឆាំងនឹងលទ្ធផលដែលសម្រេចបាននេះផងដែរ។ សម្ដេចចាត់ទុកថា អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់មានន័យថា អ្នកនោះចង់ឲ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ហើយអ្នកដែលប្រឆាំងជាមួយនឹងការផ្តល់ជំនួយមានន័យថា អ្នកចង់ឲ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩៕