(កំពង់ស្ពឺ)៖ កម្មករ-កម្មាការិនីជាង៦០០នាក់ ដែលបម្រើការងារនៅ រោងចក្រ «ធី អេស ស្ព័ត (ខេមបូឌា)» ស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរាំងស្ទះការងារ ដោយសារតែក្រុមឡាន នៃក្រុមក្រឡុកស៊ីម៉ង់តិ៍ សានី (SANY) យកឡានរបស់ខ្លួនជាច្រើនគ្រឿងមកបិទផ្លូវជិត ពីមុខរោងចក្ររយៈពេល៣ថ្ងៃកន្លងមកហើយ បូកទាំងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះផងដែរ។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា មូលហេតុដែលនាំក្រុមក្រឡុកស៊ីម៉ង់តិ៍ យកឡានមកបិទផ្លូវចូលទៅកាន់រោងចក្រខាងលើនេះ ដោយសារពួកគាត់មានជម្លោះជាមួយអ្នកម៉ៅការធ្វើអគារ នៅក្នុងរោងចក្រ ពោលមិនទាន់បានទូទាត់ប្រាក់គ្រប់ចំនួនជូនពួកគេ។

លោក ដួង សារិន តំណាងក្រុមហ៊ុនរោងចក្រ «ធី អេស ស្ព័ត (ខេមបូឌា)» បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន TD Taida Real Estate Co.,LTD បានចុះកុងត្រាជាមួយឈ្មោះ LI JUN សាងសង់អគារោងចក្រ (ធី អេស ស្ព័ត) ស្ថិតនៅភូមិឯកភាព ឃុំខ្ទុំត្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន៣អគារ ក្នុងតម្លៃទឹកប្រាក់ចំនួន ៨៧២,៧៦៦ដុល្លារ។

តំណាងរោងចក្រ បានបន្តថា «រហូតដល់ពេលនេះ ភាគីម៉ៅការសាងសង់ឈ្មោះ LI JUN បានសាងសង់រួចរាល់ចំនួន២អគារ ដោយភាគីម្ចាស់រោងចក្របានទូទាត់ប្រាក់ចំនួន ៨៧២,៧៦៦ដុល្លារ រួចរាល់ហើយ និងបានប្រគល់ប្រាក់ចំនួន ២៧,២៣៤ដុល្លារ ជាថ្លៃសាងសង់ផ្លូវក្នុងបរិវេនរោងចក្រផងដែរ»

លោកថា រហូតមកពេលនេះភាគីរោងចក្រ បានប្រគល់ប្រាក់សរុបចំនួន៩០ម៉ឺនដុល្លារ ឲ្យទៅភាគីអ្នកសាងសង់រួចរាល់ហើយ ប៉ុន្ដែបែរជាមានក្រុមហ៊ុនបេតុងឈ្មោះ SANY យកឡានមកដាក់ខាងមុខច្រកចេញចូលរបស់រោងចក្រ របស់ដោយអះអាងថា ភាគីអ្នកសាងសង់ឈ្មោះ LI JUN មិនបានទូទាត់លុយថ្លៃសម្ភារឲ្យក្រុមរបស់ខ្លួន។

«ចាប់តាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ រហូតដល់ពេលនេះ ក្រុមហ៊ុនក្រឡុកស៊ីម៉ង់តិ៍ឈ្មោះ សានី បានយកឡានមកបិទផ្លូវទីតាំងរោងចក្រដោយអះអាងថា ដោយសារអ្នកម៉ៅការសំណង់ នៃរោងចក្រមិនទាន់ទូទាត់ប្រាក់ឲ្យពួកគាត់ នៅឡើយទេ។ តែរឿងនេះ ខាងរោងចក្របានម៉ៅការឲ្យក្រុមហ៊ុនសាងសង់ បន្ទាប់មកខាងរោងចក្រ ទូទាត់ប្រាក់ឲ្យអ្នកម៉ៅការអស់ហើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ដួង សារិន។

តំណាងរោងចក្រ បានលើកឡើងទៀតថា ការបិទផ្លូវនេះ ជាទង្វើគំរាមកំហែង រារាំង ផ្អាកសកម្មភាពអាជីវកម្មរោងចក្រយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់បងប្អូនកម្មករ-កម្មាការិនីផងដែរ។ ចំពោះការខូចខាតដំណើរការសកម្មភាព នៃរោងចក្រ ខាងតំណាងរោងចក្រទទូចស្នើសុំអន្តរាគមន៍បន្ទាន់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដើម្បីជួយដោះស្រាយជូនផង។

អង្គភាពព័ត៌មាន Fresh News មិនទាន់ទំនាក់ទំនងសុំការបំភ្លឺពីក្រុមហ៊ុន សានី (SANY) បាននៅឡើយទេចំពោះសកម្មភាពទាំងនេះ៕