(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត បានថ្លែងថា «៧ មករា» បានរំដោះពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកចន្ទ្រា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដែលមានការចូលរួមពីក្រុមការងារចុះជួយតាមបណ្ដា ឃុំក្នុងស្រុកចន្រ្ទា និងសមាជិកសមាជិកាគណបក្សប្រជាជនជាច្រើននាក់ផងដែរ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បាននាំសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងកោតសរសើរដល់ក្រុមការងារ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែង ក្នុងការចុះពង្រឹងការងារ នៅតាមមូលដ្ឋានបានល្អប្រសើរ ក្នុងនោះក៏បានដោះស្រាយរាល់ការសំណូមពរក៏ដូចជា បញ្ហាប្រឈមនានាទទួលបានលទ្ធផលល្អផងដែរ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានរំលឹកអំពីប្រវត្តិប្រទេសកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ភ្លើងសង្រ្គាមអស់រាប់ទសវត្សរ៍ តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្រែក្លាយប្រទេសកម្ពុជា ពីចំណុចសូន្យឲ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសបាននាំមកនូវសុខសន្តិភាពពេញលេញ ធ្វើឲ្យពលរដ្ឋមានភាពសម្បូរសប្បាយរីកចម្រើន។ ដូច្នេះសូមពលរដ្ឋទាំងអស់ ចូលរួមថែក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាឲ្យបានគង់វង់ និងត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ។

លោកបានបន្តថា អាជ្ញាធរដែនដីក៏ដូចជាមន្ត្រី ដែលពាក់ព័ន្ធត្រូវការពារដីរបស់រដ្ឋឲ្យបានគង់វង្ស មិនត្រូវឲ្យជនណាម្នាក់មកទន្ទ្រានកាន់កាប់ដោយខុសច្បាប់នោះទេ។ ជាមួយគ្នានេះ ត្រូវដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ឲ្យមានតម្លាភាព និងគណនេយ្យភាព ជាពិសេសផ្តល់សេវាសុខមាលភាពដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ដល់ពលរដ្ឋណាដែលមានជីវភាពខ្វះខាត គឺមិនត្រូវឲ្យដាច់ពោះស្លាប់នៅមូលដ្ឋានដោយមិនដឹងនោះឡើយ។

លោកក៏បានជំរុញដល់ក្រុមការងារដូចជាសមាជិក សមាជិកា គណបក្សទាំងអស់ត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យល្អប្រសើរបន្ថែមទៀត និងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឲ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅធ្វើយ៉ាងណាទទួលបានការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជាឲ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីទទួលបានជ័យជម្នះនូវការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេលខាងមុខនេះ។

នៅក្នុងកាលនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានឧបត្ថម្ភដល់ប្រធានក្រុមគណបក្សនៅតាមភូមិ ឃុំ ស្រុក និងកងកម្លាំង នៅថវិកាមួយចំនួនផងដែរ៕