(ព្រះវិហារ)៖ គ្រួសារអតីតយុទ្ធជន ដែលជាមុខសញ្ញាពិកាមួយគ្រួសារ រស់នៅភូមិដា ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានទទួលផ្ទះ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ការចុះប្រគល់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះបានធ្វើឡើងក្រោមវត្តមានឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំបន់សឹក ស.អ.ក. ខេត្ត អនុប្រធាន ស.អ.ក. ស្រុក និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក ប្រាក់ សុវណ្ណ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា នៅក្នុងខេត្តព្រះវិហារ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក៏បានថ្លែងកោតសរសើរដល់វីរៈភាពនិងភាពអង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលបានចូលរួមចំណែកយ៉ាងសំខាន់នាពេលកន្លងមក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំឈ្លាសវៃនិងបុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងជាតិមាតុភូមិរហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។

លោកក៏បានណែនាំដល់ប្រធាន ស.អ.ក ស្រុក និងអជ្ញាធរមូលដ្ឋាន ត្រូវជួយតាមដាន មើលថែបងប្អូនអតីតយុទ្ធជនដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។

សូមបញ្ជាក់ថា អតីតយុទ្ធជនដែលទទួលបានផ្ទះ១ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ មានឈ្មោះ សុខ អួង ភេទប្រុស អាយុ៥៦ឆ្នាំ មុខសញ្ញាពិកា និងប្រពន្ធឈ្មោះ សិត សួន អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ផ្ទះដែលធ្វើជូនមានទំហំ៦ គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ១១,៥០០,០០០រៀលផងដែរ៕