(ភ្នំពេញ)៖ ទីបំផុតនៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះលោក Francis J DeMaro Jr. មន្រ្តីជំនាញកិច្ចការសាធារណៈនៃបណ្ឌិតសភាយោធា ឬអ្នកនាំពាក្យនៃសាកលវិទ្យាល័យ West Point របស់សហរដ្ឋអាមេរិក ទីដែលលោក ហ៊ុន ម៉ាណែត បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតយោធានៅទីនោះបានឆ្លើយតបមកកាន់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ដោយផ្ទាល់តាមរយៈអ៉ីម៉ែល ដោយបានអះអាងច្បាស់ៗថា សញ្ញាបត្ររបស់សាកលវិទ្យាល័យ West Point មិនមានកម្រិតផ្សេងគ្នានោះទេ មិនដូចអ្វីដែលលោក សម រង្ស៉ី លើកឡើងនោះទេ គឺសញ្ញាបត្ររបស់សាលា West Point មានតម្លៃតែមួយដូចគ្នា។

សំណួររបស់អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានសួរថា៖

នាពេលកន្លងទៅលោក សម រង្ស៉ី អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា បានលើកឡើងថា សញ្ញាបត្រថ្នាក់បណ្ឌិតរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាបណ្ឌិតសភាយោធា West Point របស់អាមេរិកជា «សញ្ញាបត្រកម្រិត២» ឬ «សញ្ញបត្រក្រោមស្តង់ដារ», ពាក់ព័ន្ធករណីនេះនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្នើសុំឲ្យសហរដ្ឋអាមេរិក ចេញមុខបញ្ជាក់ឱ្យបានច្បាស់អំពីគុណភាព នៃសញ្ញាបត្រការសិក្សារបស់ឯកឧត្តម ហ៊ុន ម៉ាណែត ថាតើមានសញ្ញាបត្រកំរិតលេខ១ ឬលេខ២ ឬក្រោមស្តង់ដារ ដូចការលើកឡើងរបស់លោក សម រង្ស៉ី ដែរឬទេ?

ចម្លើយរបស់លោក Francis J DeMaro Jr. មន្រ្តីជំនាញកិច្ចការសាធារណៈនៃបណ្ឌិតសភាយោធា West Point បានបញ្ជាក់ថា៖

«និស្សិតគ្រប់រូបដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក ទទួលបានសញ្ញាបត្របរិញ្ញាបត្រ វិទ្យាសាស្ត្រកម្រិតតែមួយដូចគ្នា និងមិនមានភាពខុសគ្នា ឬលក្ខខណ្ឌដោយឡែកសម្រាប់និស្សិតអន្តរជាតិទេ។ ខ្ញុំសង្ឃឹមថាការបញ្ជាក់នេះនឹងបញ្ចប់ភាពចម្រូងចម្រាស នៃតម្លៃសញ្ញាបត្ររបស់សាលា West Point។»

Good morning Lim Cheavutha,

Everyone that graduates from the U.S. Military Academy receives a Bachelor’s of Science degree. There is no differentiation or different requirements for international cadets. I hope this helps clarify the controversy

v/r
Frank
Francis J DeMaro Jr.
Public Affairs Specialist
Media Relations Division
US Military Academy
Public Affairs Office

សូមជំរាបថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឆ្លើយតបចំពោះសំណួររបស់បណ្តាញព័ត៌មាន Fresh News ដែលបានផ្ញើពាក់ព័ន្ធសញ្ញាបត្រ West Point របស់លោក ហ៊ុន ម៉ាណែត, ស្ថានទូតបានបញ្ជាក់ថា «គួរទាក់ទងសួរនាំបញ្ជាក់ពីសាកលវិទ្យាល័យ» ខណៈកាលពីឆ្នាំ២០១៩ គេហទំព័រ West Point អះអាងថា និស្សិតជនជាតិអាមេរិក និងប្រទេសដទៃ ដែលចូលរៀននៅ West Point ត្រូវបំពេញលក្ខខណ្ឌដូចគ្នា។ ប៉ុន្តែនៅពេលនេះ លោក Francis J DeMaro Jr. មន្រ្តីជំនាញកិច្ចការសាធារណៈនៃបណ្ឌិតសភាយោធានៃសាកលវិទ្យាល័យ West Point របស់សហរដ្ឋអាមេរិក បានអះអាងច្បាស់ៗថា សញ្ញាបត្ររបស់សាលា West Point មានតម្លៃតែមួយដូចគ្នា៕