(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ បានចុះផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥ ដល់សមាជិក-សមាជិកាគណបក្សនៅស្រុកបារាយណ៍ និងស្រុកតាំងគោក និងបើកកិច្ចប្រជុំជីវភាពបក្សប្រចាំខែរបស់ស្រុកទាំងពីរ។

នាឱកាសនោះលោក ទិត ចន្ថា អនុប្រធានក្រុមការងារ បានអានចំនុចសំខាន់ៗនៃប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥ ជូនសមាជិក-សមាជិកាគណបក្សបានជ្រាប ដើម្បីជាស្មារតីអនុវត្តការងារបន្តទៅមុខ។

បន្ទាប់មក លោក ថោង ខុន ក៏បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី ៤៣ នៃទិវាជ័យជំនញ ៧ មករា។ ជាងនេះទៀត លោក ថោង ខុន ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលៈបង់សាច់ស្រស់ ឈាមស្រស់ ជួយសង្ក្រោះប្រជាពលរដ្ឋចេញពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ដែលគិតមកដល់ពេលនេះមានរយៈពេល ៤៣ឆ្នាំមកហើយ និងពលិកម្មដ៏ធំធេងរាប់មិនអស់របស់សម្តេចតេជោ ក្នុងការខិតខំបញ្ចប់សង្គ្រាមរាំរ៉ៃផ្ទៃក្នុង តាមរយៈនយោបាយ ឈ្នះ ឈ្នះ រហូតធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពឯកភាពទឹកដី និងមានការអភិវឌ្ឍនីរីកចំរើនលើគ្រប់វិស័យ។

លោក ថោង ខុន ក៏បានប្រាប់ទៅសមាជិកបក្សទាំងអស់ផងដែរថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលបានបោះឆ្នោតគាំទ្រទាំងស្រុង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

បន្ថែមពីនេះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់ប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ត្រូវខិតខំគ្រប់គ្រងសមាជិកបក្សឱ្យបានទាំងអស់នៅក្នុងដៃ និងចុះផ្សព្វផ្សាយពីការបោះឆ្នោត ឃុំ សង្កាត់ ឱ្យបានញឹកញាប់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយនឹងការប្រមូលនូវរាល់បញ្ហាដែលជាសំនូមពររបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនឱ្យបានឆាប់រហ័ស និងល្អប្រសើរបំផុត ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន។

ខណៈមកដល់ពេលនេះរដូវប្រាំងបានឈានចូលមកដល់ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំឱ្យប្រធានគណបក្សស្រុកទាំងពីរ ត្រូវខិតខំចុះសិក្សាពិនិត្យលទ្ធភាព ជួយជួសជុល ឈូសឆាយផ្លូវបំពេញគ្រលុកក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកកសិផល ដែលពួកគាត់ ប្រមូលបាន យកទៅលក់ដល់ទីផ្សារ ដើម្បីបង្កើនជីវភាពឱ្យកាន់តែប្រសើរឡើងផងដែរ៕