(បាត់ដំបង)៖ នៅក្នុងឱកាសអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៤៣ ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានបន្តកសាង និងអភិវឌ្ឍឃុំបន្ថែមទៀត ដោយបានចាប់ផ្តើមធ្វើការ ជួសជុលផ្លូវលំជនបទ១ខ្សែ មានប្រវែង៤ពាន់ម៉ែត្រ ជូនប្រជាពលរដ្ឋកំពុងតែរស់នៅក្នុង ភូមិចំនួន៣ គឺភូមិភ្នំសំពៅកើត ភូមិក្តោង និងភូមិសំណាញ់របស់ឃុំភ្នំសំពៅ ស្រុកបាណន់ បន្ទាប់ពីព្រឹត្តិការណ៍ជំងឺកូវីដ១៩ «សហគមន៍ ២០ កុម្ភៈ» ត្រូវបានបញ្ចប់ ហើយម្យ៉ាងទៀតប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបាន៣ដូសរួចមក។

ពិធីបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ នៅក្នុងភូមិចំនួន៣របស់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមវត្តមានលោក ហែម ថេង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំ និងលោកស្រី ព្រមទាំងសហការី និងដោយមានការជួយឧបត្ថម្ភបន្ថែមលើគ្រឿងចក្រពីលោកឧត្តមសេនីយ៍ឯក លន់ សុធី នាយករងនាយកដ្ឋានវិស្វកកម្មក្រសួងការពារជាតិ។

លោក ហែម ថេង បានលើកឡើងថា ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលជួបនឹងបញ្ហាប្រឈមអំពីផ្លូវលំជនបទ ដែលជាផ្លូវប្រទាក់ក្រឡាគ្នាពីភូមិមួយទៅ ភូមិមួយទៀត នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោកប្រធាន និងសហការី និងដោយមានការជួយឧបត្ថម្ភបន្ថែមលើគ្រឿងចក្រ ពីលោកឧត្តមសេនីយ៍ឯក លន់ សុធី នាយករងនាយកដ្ឋានវិស្វកកម្មនៃក្រសួងការពារជាតិផងដែរ។

លោក ហែម ថេង បានបញ្ជក់ថា ផ្លូវ១ខ្សែនេះគឺចាប់ផ្តើមធ្វើការជួសជុលផ្លូវលំជនបទ១ខ្សែ មានប្រវែង៤ពាន់ម៉ែត្រជូន ប្រជាពលរដ្ឋ កំពុងតែរស់នៅក្នុងភូមិចំនួន៣របស់ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង គឺភូមិភ្នំសំពៅកើត ភូមិក្តោង និងភូមិសំណាញ់ ដែលពិធីបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែនេះបានធ្វើឡើង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ។

លោក ហែម ថេង បានបញ្ជាក់ថា ផ្លូវនេះធ្វើឡើងតាមស្តង់ដាជាផ្លូវលំដោយមានការប្រើប្រាស់គ្រឿងចក្ររបស់កងវិស្វកម្ម នៃក្រសួងការពារជាតិ ដែលតាមការជួសជុលផ្លូវនេះត្រូវប្រើប្រាស់ទឹកប្រាក់ចំនួន៥ពាន់ដុល្លាក្នុង១គីឡូម៉ែត្រ សរុបទាំង៤ គីឡូម៉ែត្រអស់តម្លៃ ប្រមាណ២ម៉ឺនដុល្លា តែសម្រាប់ការជួសជុលផ្លូវនេះ គឺលោកឧត្តមសេនីយ៍ឯក លន់ សុធី យកតែថ្លៃ ប្រេងត្រឹមតែ ២,០០០ដុល្លាប៉ុណ្ណោះ ដើម្បីផ្តល់ជូនជាចំណងដៃដល់ប្រជាពលរដ្ឋក្នុងឃុំភ្នំសំពៅ នាឱកាសនៃថ្ងៃចាប់ផ្តើម បន្តធ្វើការអភិវឌ្ឍឃុំ បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានភាពធូរស្រាលមក វិញនោះ។

បន្ថែមពីនេះទៀត លោក ហែម ថែង បានធ្វើការពន្យល់ និងណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដែល ត្រូវជួសជុលនេះទាំងអស់ សូមចូលរួមសហការជាមួយក្រុមការងារជំនាញបច្ចេកទេសលើផលប៉ះពាល់ ទាំងឡាយ ធ្វើឲ្យ មានការរាំងស្ទះ ដល់ដំណើរការជួសជុលផ្លូវនេះដូចជាដើមឈើ ព្រំរបងជាដើម ដើម្បីឲ្យដំណើរការជួសជុលផ្លូវ បានឆាប់ រហ័សនឹងបានដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការ របស់ប្រជាពលរដ្ឋក្នុងនោះចំពោះបញ្ហាកង្វះខាត ដូចជាគ្រួស ក្រហម គឺបានការចូលរួមពីអាជ្ញាធរស្រុកបាណន់ ដោយមានការទំនាក់ទំនងល្អជាមួយមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង និងសូមឲ្យប្រជាពលរដ្ឋជួយថែរក្សាផ្លូវនេះ ដើម្បីបម្រើផលប្រយោជន៍សាធារណៈបានយូរអង្វែងតទៅ ផងដែរ៕