(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងធ្វើការស្រាវជ្រាវករណីអ្នកបង្ហោះលក់ប័ណ្ណចេញ-ចូល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសម្រាប់ចែកជូនថ្នាក់ដឹកនាំ មន្ដ្រី និងអ្នកដែលពាក់ព័ន្ធត្រូវចេញចូលបរិវេណ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈការបង្ហោះលក់នេះ គឺជាអំពើខុសច្បាប់។

ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់បែបនេះថា៖

*ទី១៖ ប័ណ្ណចេញ-ចូល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានផលិតជាប្រចាំឆ្នាំ តាមចំនួនកំណត់សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អង្គភាព មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល អង្គការដៃគូរ និងភ្ញៀវ ដែលមានទំនាក់ទំនងការងារចេញ-ចូលបរិវេណ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ

*ទី២៖ ប័ណ្ណនេះ សម្រួលដល់ការត្រួតពិនិត្យរបស់កម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារចេញ-ចូលបរិវេណ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ

*ទី៣៖ ប័ណ្ណនេះអាចប្រើបាន លុះត្រាតែមានបោះត្រាក្រសួងមហាផ្ទៃ (សម្រាប់ប័ណ្ណក្រសួងមហាផ្ទៃ) ឬបោះត្រាអគ្គស្នងការដ្ឋាននគរបាលជាតិ (សម្រាប់ប័ណ្ណអគ្គស្នងការដ្ឋាននគរបាលជាតិ) និងត្រូវបានហាមឃាត់ចំពោះការប្រើប្រាស់ប័ណ្ណថតចម្លង

*ទី៤៖ ជាគោលការណ៍រួម ប័ណ្ណចេញ-ចូលនេះ ផ្តល់ជូនដោយឥតគិតថ្លៃ ក្នុងករណីដែលជនណាយកប័ណ្ណទាំងនេះទៅធ្វើអាជីវកម្ម (ទិញ-លក់) ជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមមុខចំពោះការអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។

*ទី៥៖ នាយកដ្ឋានជំនាញ កំពុងធ្វើការស្រាវជ្រាវ និងឈានដល់ការកោះអញ្ជើញឲ្យចូលខ្លួនចំពោះជនណាដែលបានយកប័ណ្ណទាំងនេះទៅផ្សព្វផ្សាយ ឬធ្វើអាជីវកម្ម (ទិញ-លក់) ដើម្បីអនុវត្តវិធានការជំនាញ៕