(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ គឺជាខួបអនុស្សាវរីយ៍ លើកទី៤៣ នៃជ័យជម្នះ ៧មករា។ ជ័យជម្នះ ៧មករា គឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប រួចផុតពីរបបប្រល័យពូជសាសន៍ ដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប បានបង្ហោះសារយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម ដើម្បីអបអរសាទរថ្ងៃជ័យជម្នះនេះ (៧ មករា ១៩៧៩-៧ មករា ២០២២)។

ស ម្ដេចពញាចក្រី ហេង សំរិន ដែលជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភាជាតិ ក៏បានបង្ហោះសារមួយនៅលើទំព័រ Facebook ផ្លូវការ ដើម្បីអបអរសាទរថ្ងៃជ័យជម្នះនេះផងដែរ។ សម្ដេច ហេង សំរិន ក្រៅពីបង្ហាញនូវអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្បុជាហើយនោះ សម្ដេចក៏បានអំពាវនាវឲ្យ ស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូប នៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជារៀងរហូតតទៅ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្ដេចពញាចក្រី ហេង សំរិន៖

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃជ័យជម្នះ ៧ មករានៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៣ឆ្នាំ (៧ មករា ១៩៧៩ - ៧ មករា ២០២២) ដែលប្រទេសកម្ពុជា ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ត្រូវបានសង្គ្រោះ រំដោះចេញផុតពីរបបប្រល័យពូជសាសន៍ (កម្ពុជាប្រជាធិបតេយ្យ) ដ៏ខ្មៅងងឹតដែលបានដឹកនាំប្រទេសពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៧៩ បានធ្វើឲ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់រាប់លាននាក់ ប្រទេសជាតិទាំងមូល បានវិនាសខ្ទេចខ្ទីសឹងគ្មានសល់។

គណបក្សប្រជាជនកម្ពុជា ដោយមានការគំាទ្រពីបណ្តាប្រទេសជាមិត្តឆ្ងាយជិត បានរំដោះប្រទេសជាតិ និងអាយុជីវិតពលរដ្ឋ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានពលរដ្ឋខ្មែរចាត់ទុកថា ជាថ្ងៃកំណើតទី២របស់ខ្លួន។ គ្មាន ៧ មករា ឆ្នាំ១៩៧៩ គឺគ្មានថ្ងៃនេះឡើយ។ នៅក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលបានផ្តើមកសាង អភិវឌ្ឍន៍ មានសុខសន្តិភាព រីកចម្រើនគ្រប់វិស័យមកដល់សព្វថ្ងៃ។

កម្ពុជាបច្ចុប្បន្ន មានកិត្យានុភាព និងមុខមាត់នៅលើឆាកអន្តរជាតិ និងបានកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងការចូលរួមកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សាមគ្គីភាព របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងអន្តរជាតិតាមរយៈវេទិកាអន្តរជាតិជាច្រើន ទាំងនៅខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដូចជានៅឆ្នាំ២០២២នេះ សភាកម្ពុជាជាប្រធានអន្តរសភាអាស៊ាន (AIPA) ចំណែករាជរដ្ឋាភិបាលជាប្រធានអាស៊ាន (ASAEN) ជាដើមនោះ។

នៅក្នុងខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃជ័យជម្នះ ៧ មករាថ្ងៃនេះ សូមឲ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូប នៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជារៀងរហូតតទៅ»។

សូមជម្រាបថា ខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃ៧ មករា ឆ្នាំ២០២២នេះ ក៏មិនខុសពីកាលពីឆ្នាំ២០២១នោះដែរ ពោលគណបក្សប្រជាជនកម្ពុជា មិនបានរៀបចំមិទ្ទេញទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរនោះឡើយ ដោយសារតែវិបត្តិជំងឺកូវីដ១៩។ ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហោះសារចូលរួមអបអរសាទរខួបអនុស្សាវរីយ៍នេះផងដែរ៕