(ភ្នំពេញ)៖ ខួបអនុស្សាវរីយ៍៤៣ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) លើរបបប្រល័យពូជសាសន៍ ប៉ុល ពត, លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអបរំ យុវជន និងកីឡា បានលើកឡើងថា គុណបំណាច់ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិតជាមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ដែលត្រូវចងចាំក្នុងក្រអៅបេះដូងជានិច្ចនិរន្តរ៍តរៀងទៅ។

តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ លោក ស សុខា បានថ្លែងថា ថ្ងៃនេះជាខួបទី៤៣ នៃទិវាជ័យជម្នះ ៧ មករា ( ៧ មករា ១៩៧៩-៧ មករា ២០២២ ) ដែលប្រជាជនកម្ពុជាយើង ទូទាំងប្រទេស និងក្រៅប្រទេសផងដែរ នាំគ្នាប្រារព្ធពិធីរម្លឹកខួប និងអបអរសាទរយ៉ាងខ្ញៀវខ្ញាចំពោះទិវាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានរបស់កម្ពុជា។

ជាមួយគ្នានេះដែរ លោកបានបន្តថា៖ «ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបានរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសារការលះបង់សាច់ស្រស់ឈាមស្រស់ តស៊ូរំដោះជាតិ របស់សម្តេចទាំងបី គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ដោយផ្តើមចេញពីថ្ងៃ២ ធ្នូ ១៩៧៨»

លោក ស សុខា បានបញ្ជាក់ថា ថ្ងៃ២ ធ្នូ ១៩៧៨ ឥស្សរជនខ្មែរ ទាំង៣ក្រុម ដែលដឹកនាំដោយសម្តេចទាំងបី ដោយមើលឃើញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ត្រូវបង្ខំឱ្យធ្វើការលើសកម្លាំង បង្អត់បាយ បំបាត់សាសនា គ្មានសាលារៀន ពិសេសកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឥស្សរជនខ្មែរទាំង ៣ក្រុម បានសម្រេចចិត្តចូលព្រៃតស៊ូ ដើម្បីរំដោះប្រជាជន និងប្រទេសជាតិទាំងមូល។

លោកបានបន្ថែមថា ការតស៊ូដោយយកសាច់ស្រស់ឈាមស្រស់ ជាដើមទុន របស់សម្តេចទាំងបី និងឥស្សរជនខ្មែរ ទីបំផុតទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ១៩៧៩។ ក្រោយថ្ងៃរំដោះ កម្ពុជាត្រូវខ្ទេចខ្ទីគ្មានសល់ ហេដ្ឋារចនាសម្ព័ន្ធនានាស្ទើក្លាយជាផេះ ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបី ជាប្រមុខ ដោយផ្តើមពីបាតដៃទទេ បានកសាងអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើន និងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃ ព្រមទាំងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនប្រជាជន និងជាតិមាតុភូមិនៃយើង។

លោក ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គុណបំណាច់ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិតជាមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ដែលត្រូវចងចាំក្នុងក្រអៅបេះដូងជានិច្ចនិរន្តរ៍តរៀងទៅ»

ក្នុងនាមកូនខ្មែរជំនាន់ក្រោយមួយរូប លោកសូមអបអរសាទរ និងចងចាំជានិច្ចចំពោះគុណបំណាច់ នៃការលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុតស៊ូរំដោះជាតិមាតុភូមិ របស់សម្តេចទាំងបី ព្រមទាំងឥស្សរជនស្នេហាជាតិទាំងអស់ ពិសេសគណបក្សប្រជាជនកម្ពុជា និងសូមប្តេជ្ញា ថែរក្សា ការពារស្មារតី ៧ មករា ជាអមតៈ៕