(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ បានចាប់ខ្លួនបុរសម្នាក់ ដែលជាអ្នករកស៉ីម៉ៅការធ្វើផ្ទះល្វែង ពាក់ព័ន្ធការចេញសែកស្អុយលុយជាង៣០ម៉ឺនដុល្លារ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

របាយការណ៍របស់កងរាជអាវុធហត្ថបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២០ ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ គន្ធា បូរ៉ា បានមករកខ្ចីប្រាក់ពីជនរងគ្រោះ ចំនួន៣៣១,៣៧៣ដុល្លារ។ ដោយការជឿទុកចិត្តលើជនសង្ស័យ ជនរងគ្រោះក៏ព្រមឲ្យខ្ចីលុយនោះ និងសន្យាសងវិញគ្រប់ចំនួននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

លុះនៅអំឡុងខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះក៏បានយកមូលប្បទានប័ត្រទាំងពីរខាងលើដែលឈ្មោះ គន្ធា បូរ៉ា ទៅបើកប្រាក់នៅធនាគារ ស្រាប់តែនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ធនាគារចេញមូលប្បទានប័ត្របញ្ជូនត្រឡប់ចំនួន០២ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ របស់ធនាគារ ABA បញ្ជាក់មកវិញថា មូលប្បទានប័ត្រលេខៈ ១៧២៧៦៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ និងមូលប្បទានប័ទ្រលេខៈ ១៧២៧៦៨ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ របស់ធនាគារ ម៉េបេង (MAYBANK) ពុំមានទឹកប្រាក់សម្រាប់ធ្វើប្រតិបត្តិការបើកប្រាក់បានឡើយ។

បន្ទាប់ពីនោះមកជនរងគ្រោះ ក៏បានព្យាយាមទាក់ទងទៅឈ្មោះ គន្ធា បូរ៉ា ជាច្រើនលើកច្រើនសារ តែលទ្ធផលដែលទទួលបាន គឺឈ្មោះនេះព្យាយាមគេចវេស ព្យាយាមបោកបញ្ឆោទ កុហកបោកប្រាស់ម្ដងហើយ ម្ដងទៀតដោយគ្មានការទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនឡើយ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕