(ភ្នំពេញ)៖ ខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាបុណ្យជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង ៣លាននាក់ ដែលគ្មានទេ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក។

ឱកាសដ៏វិសេសវិសាលនេះ តាមរយៈសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៣ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិឆ្ពោះ ទៅរកអនាគតដ៏រុងរឿង ដែលពុំមានការកើតឡើងជាថ្មីទៀត នូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប៤៣ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

បន្ទាប់ពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋអំណាចប្រជាជន បានប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកយ៉ាងប្តូរផ្តាច់ ដើម្បីការពារការរស់រានរបស់ខ្លួន និងការស្តារ កសាងប្រទេសឡើងវិញដែលត្រូវចាប់ផ្តើមពីចំណុចសូន្យ។

តាមរយៈសារលិខិតសម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះថា «ជនរួមជាតិជាទីស្នេហា ពេលនេះយើងកំពុងឈានចូលឆ្នាំថ្មី ២០២២ ជាមួយនឹងក្តីសង្ឃឹមដ៏មុតមាំចំពោះជោគជ័យ នៃដំណើរជាតិយើងបន្តទៅមុខទៀត។ នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង ឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀត នូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុន»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជោគជ័យក្នុងការអនុវត្តបណ្តាភារកិច្ចជាយុទ្ធសាស្រ្តនេះបានបង្កើតបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ និងការបន្តស្តារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានការរីកចម្រើនរហូតមកដល់ពេលនេះ។

បុរសខ្លាំងកម្ពុជាបានបញ្ជាក់ថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា «ថ្ងៃកំណើតទី២» របស់ខ្លួន។ បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត៕