(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ស្មារតី ៧ មករា រំឭកឱ្យប្រជាជនកម្ពុជាចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយ ដែលប្រជាជាតិធ្លាប់បានឆ្លងកាត់ ហើយស្មារតី ៧ មករា មានគុណតម្លៃជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ជាសច្ចធម៌ប្រវត្តិសាស្រ្ត បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា ប្រជាជនកម្ពុជាពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ។

តាមរយៈសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៤៣ នៃថ្ងៃជ័យជម្នះ ៧មករា សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ស្មារតី ៧ មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ស្មារតី ៧ មករា រំឭកយើងឱ្យចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់, ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម»

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បន្ទាប់ពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋអំណាចប្រជាជន បានប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូល ពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក យ៉ាងប្តូរផ្តាច់ដើម្បីការពារការរស់រានរបស់ខ្លួន និងការស្តារ កសាងប្រទេសឡើងវិញ ដែលត្រូវចាប់ផ្តើមពីចំណុចសូន្យ។ ជោគជ័យក្នុងការអនុវត្តបណ្តាភារកិច្ចជាយុទ្ធសាស្រ្តនេះ បានបង្កើតបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ និងការបន្តស្តារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានការរីកចម្រើន រហូតមកដល់ពេលនេះ។

បុរសនាំសន្តិភាពជូនមាតុកម្ពុជាទាំងមូល សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជាថ្ងៃកំណើតទី២ របស់ខ្លួន។ បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត»

តាមរយៈសារលិខិតដដែល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរំឭកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងក្នុងស្មារតីចងចាំជានិច្ច គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួនប្រកបដោយវីរភាព ក្នុងការប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបដ៏អប្រិយនេះអាចវិលត្រឡប់មកជាថ្មីវិញបាន។

ជាមួយគ្នានេះ សម្តេចតេជោ សូមលំឱនកាយគោរពឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិរាប់លាននាក់ ដែលត្រូវសម្លាប់យ៉ាងអយុត្តិធម៌ និងអាណោចអាធម្មបំផុតក្នុងរបប ប៉ុល ពត បានទៅកាន់សុគតិភពជារៀងដរាប។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង ឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀតនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុន។

ក្នុងស្មារតីនេះ ក្នុងនាមជា អ្នកនាំសុខសន្តិភាពជូនមាតុភូមិកម្ពុជា សម្តេចក៏បានក្រៀនរំឮក ឱ្យប្រជាជាតិកម្ពុជាទាំងមូលត្រូវពួតដៃគ្នារួមចិត្តតែមួយ ប្តូរផ្តាច់ថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ ការពាររាល់សមិទ្ធផលសង្គមជាតិដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ ៧ មករា ឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ៕