(ភ្នំពេញ)៖ ក្រោយកិច្ចពិភាក្សា ដោយមានការផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំង​អំពើពុក​រលួយ បានសម្រេចមិនឆ្លើយតបទៅនឹងសំណួររបស់ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ពីមូលហេតុដែលACU សម្រេចមិនឆ្លើយតបចំពោះលោក សួន សេរីរដ្ឋា ដោយទី១ បើសិនជា ACU ធ្វើការឆ្លើយតបនឹងសំណួរមានលក្ខណៈនយោបាយនេះ លោក សួន សេរីរដ្ឋា នឹងបន្តធ្វើបែបនេះចំពោះអ្នកដទៃទៀត ទី២. បើសិនជាមានការឆ្លើយតប ឬបកស្រាយក្នុងហេតុផលណាមួយ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និងមួយទៀត គឺយោងទៅ​តាមច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយដែលចែងថា មានតែACU ប៉ុណ្ណោះ ដែលមានអំណាចក្នុងការស្នើឱ្យនរណាម្នាក់ បំភ្លឺ ចំណែកបុគ្គលនានាមិនមានសិទ្ធិស្នើឱ្យ ACU បំភ្លឺនោះទេ។

លោកទេសរដ្ឋមន្រ្តី បានអះអាងថា បើសិនជាលោក សួន សេរីរដ្ឋា នៅមិនទាន់ពេញចិត្ត នឹងការសម្រេចរបស់ ACU, លោកអាចកែប្រែពីលិខិតសុំការបំភ្លឺទៅជាពាក្យបណ្តឹងបាន។

សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ បានធ្វើលិខិតផ្ញើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើឱ្យ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ស្រាយបំភ្លឺជុំវិញ ការផ្តល់កញ្ចប់ស្រោមសំបុត្រ ដល់កងទាហាន នៅខេត្តព្រះវិហារ នាថ្មីៗនេះ, នេះបើយោងតាមរបស់លោក សួន សេរីរដ្ឋា។

តាមលិខិតលិខិតរបស់ លោក សួន សេរីរដ្ឋា បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ លោក ឱម យ៉ិនទៀង បានចែកស្រោមសំបុត្រទៅគ្រួសារនាយទាហាន និងពលទាហាន នៃកងពល​ធំអន្តរាគមន៍លេខ៣ ប្រចាំទិសខេត្តព្រះវិហារ។ ព្រមជាមួយគ្នានេះ លោក សួន សេរីរដ្ឋា ក៏បានបង្ហាញពី Link ទៅកាន់ Facebook ដែលបញ្ជាក់ពីរូបភាពចែកស្រោមសំបុត្រ របស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ផងដែរ។

លោក សេរីរដ្ឋា បានចោទសួរ៧សំណួរទៅកាន់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ថាស្រោមសំបុត្រនោះមានអ្វី? ជាលុយសុទ្ធ ឬជាអ្វីផ្សេង? បើជាលុយមានចំនួនប៉ុន្មាន? លុយបានមកពីណា? ជាថវិកាផ្ទាល់? ឬជាលុយរដ្ឋ? សរុបទាំងអស់ចំនួនប៉ុន្មានជាដើម?៕