(ភ្នំពេញ)៖​ លោក​ ម៉ៅ​ ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌខណ្ឌឬស្សីកែវ​  នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា កម្លាំងរបស់លោក ដែលមានការដឹកនាំដោយលោក យ៉ិន សុភ័ក្រ នាយផ្នែកព្រហ្មទណ្ឌបានឃាត់មនុស្ស ចំនួន៥នាក់ខណៈដែល កម្លាំងចុះបង្ក្រាបទីតាំងល្បែង នៅចំណុចផ្ទះលេខ៧០ ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

លោក ម៉ៅ ចាន់ថុន បានឲ្យដឹងដែរថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចយើងបានធ្វើការដកហូត បានទូហ្គេមបាញ់ត្រីចំនួន ០១គ្រឿង និងកៅអីចំនួន០៥​ រួមសៀវភៅកត់ចំនួនពង់ ២ក្បាលផងដែរ។

បុរសដែលជាជនសង្ស័យដែលពាក់ព័ន្ធ និងល្បែងស៊ីសងខាងលើនេះ ទី១ឈ្មោះ​ ផេង សុចាន់​ ​ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្រះចក ទី២ឈ្មោះ​ ព្រំ ចិន អាយុ២៥ឆ្នាំ ​ជាកម្មករសំណង់ ស្នាក់នៅភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទី៣ឈ្មោះ ច័ន្ទ ធឿន អាយុ៣១ឆ្នាំ ជាព្រូឡាន ស្នាក់នៅភូមិបឹងកក់ សង្កាត់ស្រះចក​ ទី៤ឈ្មោះ សាង សារ៉ាវុទ្ធ​ អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ស្រះចក និងម្នាក់ទៀតឈ្មោះ នូ ចាន់​ អាយុ៣៦ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ និងកំពុងកសាង សំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕