(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ Fresh News នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នេះថា គណបក្សប្រជាជនកម្ពុជា (CPP) កំពុងពិចារណាប្តឹង លោក អ៊ូ វីរៈ នាយកវេទិកាអនាគត បន្ទាប់ពីអ្នកវិភាគសង្គមរូបនេះ ចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នករៀបចំយុទ្ធសាស្រ្តរឿងអាស្រូវស្នេហ៍ លោក កឹម សុខា និង កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។

លោក សុខ ឥសាន បានបញ្ជាក់ថា លោក អ៊ូ វីរៈ កំពុងដើរលាបពណ៌ដាក់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋ  ភ័ន្តច្រឡំលើគណបក្សប្រជាជនកម្ពុជា។ លោកថា ករណីនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស របស់គណបក្សប្រជាជនកម្ពុជា ដែល ជាគណបក្សដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរីថា រឿងរ៉ាវអាស្រូវស្នេហ៍រវាងលោក កឹម  សុខា និង កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ នាពេលកន្លងមក ជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងបំបាក់ ប្រជាប្រិយភាពលោក កឹម សុខា។

វិទ្យុអាស៊ីសេរីបានដកស្រង់សម្តី លោក អ៊ូ វីរៈថា «យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក  កឹម សុខា និង ហិរញ្ញវត្ថុរបស់លោក។ ទោះបីជាយ៉ាងណា តុលាការប្រហែលជាមិនទាន់អាចចាប់ខ្លួនភ្លាមៗទេ ដោយរង់ចាំស៊ើប អង្កេតបន្ថែម៖ “គឺជាការគាបសង្កត់ខ្លាំងមែនទែន ហើយអាចមានប្រសិទ្ធភាព និងអាចរុញឲ្យបក្សប្រឆាំងទាល់ច្រក ហើយបើទាល់ ច្រក នឹងធ្វើឲ្យមានអស្ថិរភាពនយោបាយ”»

លោក អ៊ូ វីរៈ លើកឡើងតាមរយៈវិទ្យុនេះទៀតថា «ការដែលគណបក្សប្រជាជនកម្ពុជា រវល់គិតគូរបំបាក់គូប្រកួតប្រជែងនយោបាយ តាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះមួយចំនួន ក៏មិនពេញចិត្តចំពោះយន្តការនេះ ដែរ»

ចំពោះរឿងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា CPP នឹងប្តឹងអ្នកវិភាគមួយចំនួនទៀតផង ដែរ ក្នុងករណីដែលអ្នកវិភាគមាននិន្នាការនយោបាយទាំងនោះ ដើរនិយាយថា លាបពណ៌គណបក្សប្រជាជនកម្ពុជា ប្រាប់ប្រជាពល  រដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ។

សូមបញ្ជាក់ថា លោក អ៊ូ វីរៈ និងលោក កឹម សុខា គឺជាអតីតកូនចៅ និងមេកើយនិងគ្នា នៅពេលដែលលោក កឹម សុខា ធ្វើជាប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៕