(ភ្នំពេញ)៖ លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានប្រាប់ Fresh News នៅថ្ងៃទី២៤ ខែមេសានេះថា កម្លាំងសមត្ថកិច្ចខណ្ឌរបស់លោក បានឃាត់ខ្លួនយុវជន​ម្នាក់ ក្រោយរូបគេ យកដុំថ្មគប់កញ្ចក់​ធនាគារ ABA បណ្តាល​ឲ្យ​បែក​​មួយ​ផ្ទាំងធំ ព្រោះខឹងចូលដកប្រាក់ ATM មិនបានញយដងពេក។

លោកអធិការខណ្ឌបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើង​នៅ​វេលា​ម៉ោង​១០៖​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា ២០១៦ នៅ​ជិត​ផ្សារ​ឡាក់​គី ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ហើយបើគិតមកដល់ម៉ោង ១២៖៣៦នាទីថ្ងៃត្រង់នេះ សមត្ថកិច្ចកំពុងសាកសួរនៅឡើយ ដើម្បីឲ្យដឹងច្បាស់ថា មកពួកអ្វីឲ្យពិតប្រាកដ បានជាឈានដល់ប្រើអំពើហិង្សា បំផ្លាញទ្រព្យ​សម្បត្តិគេដូច្នេះ។

លោក ​ហ៊ាង​ថារ៉េត អធិការងខណ្ឌចំការមន ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ដំណើររឿងថា ជនសង្ស័យលេងហ្គេមតាមអ៉ីនធឺណែត ឈ្នះរង្វាន់មកបើកលុយមិនបាន ជាញយដង ដល់ពេលព្រឹកនេះ ជិះម៉ូតូមកអែបចឹញ្ចើមផ្លូវ មុខធនាគារ ABA ក៏យកដុំថ្មគប់ ហើយសន្តិសុខចាប់ប្រគល់ឲ្យ សម្ថកិច្ចតែម្តង។

លោកបន្តទៀតថា យុវជនសង្ស័យមានឈ្មោះ ចាន់ រតនៈ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ៣៤០ ផ្លូវ​៦៥៦ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ មុខកើតហេតុគេឃើញ ​យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូម៉ាក Duke ពណ៌ខ្មៅលាយស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FL-6757 មក​ឈប់​មុខ​ទូ ATM របស់ធនាគារ ABA រួច​ដើរ​ចូល​ទៅ​ក្នុង​ទូ​ ATM ចង់​ដក​លុយ ប៉ុន្តែ​ដក​មិន​បានក៏​ចេញ​មក​វិញ ហើយក៏គប់​កញ្ចក់ធនាគារ បែកកញ្ចក់ខ្ចាយ ផ្អើលអស់សន្តិសុខធនាគារ។

លោក យិន សាន បានបញ្ជាក់ថា ធនាគារ ABA បានទាមទារសំណង ៨០០ដុល្លារ ពីការខូចខាតដែលយុវជនចិត្តក្តៅនេះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិធនាគារ ប៉ុន្តែមិនទាន់ត្រូវរ៉ូវគ្នានោះទេ៕