(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ចំនួន១៧៥រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារ នៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សមាសភាព គធ.ខប សម្រាប់រាជធានី-ខេត្តនីមួយៗ មានចំនួន០៧រូប ដែលមានមុខតំណែងដូចខាងក្រោម៖

ទី១៖ ប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតចំនួន០១រូប
ទី២៖ អនុប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតចំនួន ០១រូប
ទី៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាលចំនួន ០១រូប
ទី៤៖ សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុចំនួន ០១រូប
ទី៥៖ សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស ចំនួន ០១រូប
ទី៦៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ចំនួន០១រូប
និងទី៧៖ សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈចំនួន ០១រូប

បន្ថែមពីនេះ គ.ជ.ប បានឱ្យដឹងថា សាធារណជនដែលមានបំណងដាក់ពាក្យជាបេក្ខជនតាមមុខតំណែងខាងលើនេះ សូមអញ្ជើញមកទាក់ទងទទួល និងដាក់ពាក្យសុំប្រឡងចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោតដែល គ.ជ.ប បានកំណត់សម្រាប់ធ្វើជាកន្លែងចែកពាក្យ និងទទួលពាក្យ។

សម្រាប់ពាក្យសុំប្រឡងចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បេក្ខជនអាចទាញយកពាក្យសុំប្រឡងចូលបម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប អាសយដ្ឋាន (www.nec.gov.kh)។ សញ្ញាបត្រ ឬ/និងលិខិតបញ្ជាក់ពីបទពិសោធន៍ការងារត្រូវធ្វើនីត្យានុកូលកម្ម ឬមានការបញ្ជាក់ពីសាមីស្ថាប័ន។

*ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ (វេលាម៉ោង ៧៖០០នាទីព្រឹក )
*ការឈប់ទទួលពាក្យថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ (វេលាម៉ោង ១៧៖៣០នាទីល្ងាច)៕