(ភ្នំពេញ)៖ នៅក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ​នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ អធិការនគរ​បាលខណ្ឌបានប្រាប់ប្រជាពលរដ្ឋថា សូមឲ្យបងប្អូនទាំងអស់ ដែលបានមកទទួលអត្ត​សញ្ញាណប័ណ្ណនាពេលនេះ ពេលត្រឡប់​សូមជួយផ្សព្វ​ផ្សា​យ​​បន្ត​ដល់​ក្រុមគ្រួសារ​បើសិនមានបងប្អូនណា មិនទាន់បានធ្វើអត្តសញ្ញាណ ប័ណ្ណសូមអញ្ជើញប្រញាប់​​មកកាន់នគរបាលប៉ុស្តិ៍ ក្នុងមូលដ្ឋានរបស់បងប្អូនឬមកកាន់អធិការដ្ឋានដើម្បី បំពេញសំណុំ​បែបបទ​ និង​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ ដើម្បីប្រយោជន៍ប្រើប្រាស់ពេលបំពេញការងារ ផ្សេងៗផងដែរ ។

នៅក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅក្នុបស្នាក់ការភូមិប៉ប្រក ខាងត្បូងនោះ លោក យឹម សារ៉ាន់ បានលើកឡើងថា ចំពោះអត្តសញ្ញាណប័ណ្ណថ្មីនេះ បងប្អូនងាយស្រួលក្នុងការយកទៅប្រើប្រាស់ ក្នុងការបំពេញឯក​សារផ្សេងៗ ទៅតាមតម្រូវការ ដូច្នេះហើយបន្ទាប់ពីបងប្អូន ទទួលបានអត្តសញ្ញាណប័ណ្ណនេះ​ យកទៅហើយនោះបងប្អូនត្រូវថែរក្សាឲ្យបានគង់វង្សយូរអង្វែង ជៀសវាងរហែកឬបាត់បង់។

លោកបានបន្តទៀតថា ចំពោះប្រជាពលរដ្ឋណា ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ សូម​អញ្ជើ​ញទៅកាន់ប៉ស្តិ៍នគរបាល ដែលនៅក្បែរលំនៅដ្ឋាន របស់បងប្អូន ហើយបើសិនមិនឃើញមាន​ស្ថានីយ៍ និងក្រុមមន្រ្តី​ប្រចាំ​នៅ​​តាមប៉ុស្តិ៍នមួយៗនោះ សូមបងប្អូនអញ្ជើញទៅកាន់អធិការដ្ឋាន ឬក៏ទំនាក់ទំនងមក​កាន់​រូបលោក​ដោយផ្ទាល់ លោកនិងរៀបចំឲ្យធ្វើ។

លោកក៏បានបញ្ជាក់ថា ចំណែកឯអ្នកដែលបានមកធ្វើហើយប៉ុន្តែនគរបាល​ មិន​ធ្វើឲ្យឬក៏​បង្គាប់ឲ្យបង់លុយច្រើន ទើបធ្វើឲ្យនោះ ត្រូវទំនាក់ទំនងមករូបលោកភ្លាម ព្រោះការ​ធ្វើអត្ត​​សញ្ញាណប័ណ្ណ មិនតម្រូវឲ្យបង់លុយច្រើនទេ គ្រាន់តែបង់តាមច្បាប់កំណត់ឲ្យក្នុងម្នាក់១ម៉ឺន​រៀល ​គឺរួចជាស្រេច ប៉ុន្តែសម្រាប់អ្នកដែលបានធ្វើហើយមិនទទួលបានអត្តសញ្ញាណប័ណ្ណ រហូតដល់​ទៅ​២​ឬ​៣​ខែ ​មិន​ទាន់​បាន​​ទទួលនោះ សូមទំនាក់ទំនងមករូបលោក ជាបន្ទាន់ដើម្បីលោក បាន​ធ្វើការស្រាវជ្រាវរកមើលថា ការយឺតយ៉ាវនេះបណ្តាលមកពីមូលហេតុអ្វីឬមួយ ក៏មានការភាន់ច្រឡំទៅ​ណា។

បើបងប្អូនជួបបញ្ហានេះ បងប្អូនមិនរាយការគឺនគរបាល មិនបានដឹងថាអ្នកណាទទួលបាន ឬមិន​ទាន់ទទួលបាននោះឡើយ។

លោកបានបន្ថែមថា ការចុះធ្វើនេះមិនត្រឹមតែធ្វើអត្តសញ្ញាណប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ សម្រាប់គ្រួសារណា ដែលមិនទាន់មានសៀវភៅគ្រួសារ ក៏ត្រូវប្រញ៉ាប់មកកាន់ស្ថានីយ៍ធ្វើនិមួយៗ ដែលនៅក្បែរលំនៅដ្ឋានបងប្អូននោះ ក៏អញ្ជើញមកកាន់អធិការដ្ឋាន មកជួបលោកអធិការរង ឬក៏ទំនាក់ទំនង​មក​លោកតាមរយៈលេខទូរស័ព្ទ 097 249 9999៕