(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានប្រគល់អង្ករចំនួន៧តោន ដល់រដ្ឋបាលសង្កាត់ទាំងអស់ ចំនួន៧ ដើម្បីត្រៀមទុកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះគ្រប់ប្រភេទ បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានការឧបត្ថម្ភពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សកម្មភាពប្រគល់និងទទួលអង្ករចំនួន៧តោន ដើម្បីត្រៀមទុកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះគ្រប់ប្រភេទនេះ ធ្វើឡើងដោយមានការចូលរួមពីអស់លោក-លោកស្រីអភិបាលរងខណ្ឌ និងអស់លោក-លោកស្រីចៅសង្កាត់ទាំង៧ផងដែរ ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

សូមជម្រាបថា លោក ឯក ឃុនដឿន ក្រៅពីសកម្មភាពសមធម៌ចែករំលែកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ ឫនិន្នាការនយោបាយ, លោកក៏បានជុំរុញបន្ថែមឱ្យអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណារួមគ្នាផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ដោយធានា «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕