(ភ្នំពេញ)៖ ក្រោយមានការចង្អុលបង្ហាញ និងណែនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនធនធានមនុស្ស អធិការនគរបាល ថ្មីខណ្ឌមានជ័យ លោក អ៊ុក បូនីន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំប្រជុំជាមួយកងកម្លាំងនគរបាលក្រោមឱវាទទូទាំងខណ្ឌ ដើម្បីរៀបចំការងារបន្តពីអធិការចាស់ ពង្រឹងការងារកាន់តែប្រសើរឡើង និងដើម្បីផ្តល់ភាពកក់ក្តៅជូនកងកម្លាំង។

មន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា «ដោយមានការចង្អុលបង្ហាញពីឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការណែនាំពីលោកឧត្ដមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនធនធានមនុស្ស នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលថ្មីខណ្ឌមានជ័យ បានដឹកនាំប្រជុំនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយមានសមាសភាពចូលរួមលោក-លោកស្រីអធិការរង លោក-លោកស្រី នាយផ្នែក និងលោកនាយប៉ុស្តិ៍ទាំង០៧ផងដែរ»។

នៅក្នុងកិច្ចប្រជុំនេះ លោក អ៊ុក បូនីន បានផ្តាំផ្ញើការសួរសុខទុក្ខពីស្នងការនគរបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះកងកម្លាំងនគរបាលនៅក្នុងខណ្ឌមានជ័យ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង នាពេលកន្លងមក ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើសផ្សេងៗ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលា។

អធិការនគរបាលថ្មីខណ្ឌមានជ័យ បានណែនាំ និងដាក់ផែនដល់អធិការរងនគរបាល នាយនគរបាលប៉ុស្តិ៍ និងមន្រ្តីនគរបាលទំាំងអស់ត្រូវខិតខំបន្ថែមទៀត ដើម្បីបម្រើសេចក្តីជូនប្រជាពលរដ្ឋ ទទួលបានការជឿទុកចិត្ត និងការស្រឡាញ់ពីពួកគាត់ ជាពិសេសលើការងារសន្តិសុខ និងការបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗកុំឲ្យកើតមានឡើងនៅក្នុងមូលដ្ឋាន។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ រួចមក លោកអធិការ ក៏បានឲ្យរៀបចំការញាំបាយសាមគ្គីជាលក្ខណៈគ្រួសារជូនកងកម្លាំង នគរបាល ខណ្ឌ មានជ័យ ប្រកបដោយភាពស្និទស្នាល និងសប្បាយរីករាយផងដែរ៕