(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ជនជាប់ចោទ៦នាក់ ដែលពាក់ព័ន្ធនឹងការញុះញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។ នេះបើតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។

មនុស្សទាំង៦នាក់ដែលត្រូវបានតុលាការឃុំខ្លួននេះ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃឆ្លងឆ្នាំ ដោយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីពួកគេធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

តំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់សរុប៩នាក់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ មនុស្ស៩នាក់ដែលត្រូវតុលាការចោទប្រកាន់នោះ រួមមាន៖ ១.ឈឹម ស៊ីថរ, ២.រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហៃ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន, ៨. សុខ ណារិទ្ធ និង៩.សុខ គង្គ។ ក្នុងចំណោម៩នាក់នេះ មាន៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ខណៈ៣នាក់បានរត់គេចខ្លួន។

សូមបញ្ជាក់ថា នៅមុនមានការចាប់ខ្លួនមេក្រុមបាតុករទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្របសម្រួល និងអំពាវនាវឲ្យពួកគេផ្អាកសកម្មភាព ដើម្បីអបអរសាទរដល់ការឆ្លងឆ្នាំ បុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែពួកគេពុំបានបញ្ឈប់តាមការអំពាវនាវនោះឡើយ៕