(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត២៤គីឡូក្រាម នៅរាជធានីភ្នំពេញ។

របាយការណ៍មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះបានបញ្ជាក់ថា ប្រតិបត្ដិការនេះធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦៖៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) មានការសម្របសម្រួលពីព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការសហការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាប នៅចំណុចផ្លូវអូស៊ីអាយស៊ី រង្វង់មូលនាងមច្ឆា ជិតស្ពានម៉ាឡេ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ូច លីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិខ្មែរ, ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE)សរុបរួមទម្ងន់ ២៣គីឡូក្រាម ៧៣៨ក្រាម។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕