(ភ្នំពេញ)៖ នាឱកាសឆ្លងឆ្នាំសកល២០២១ឆ្លងចូល២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន១សែននាក់ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាបមានអ្នកចូលទស្សនាច្រើនជាងគេ។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតិភ្ញៀវទេសចរនាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ភ្ញៀវទេសចរសរុបមានចំនួន១,១៤៥,១៤១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,១៣៩,៣៨៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៥,៧៥៤នាក់។

លោករដ្ឋមន្ត្រីបានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* រាជធានីភ្នំពេញ៖ ៣៦៥,៦៥៣នាក់
* ខេត្តសៀមរាប៖ ១៨៩,៤៣៦នាក់
* ខេត្តកំពត៖ ៩៦,១៣៨ នាក់
* ខេត្តកំពង់ស្ពឺ៖ ៨០,១០០នាក់
* ខេត្តកំពង់ឆ្នាំង៖ ៧១,៨៦៩នាក់
* ខេត្តកែប៖ ៦៦,១៣៥នាក់
* ខេត្តព្រះសីហនុ៖ ៥៥,៧១៧នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា យោងតាមតួលេខខាងលើឃើញថាមានការកើនឡើងដល់ទៅ ៦៣.៦៥% ធៀបនឹងឱកាសឆ្លងឆ្នាំសកល២០២០ឆ្លងចូល២០២១។ ជាមួយការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនាពេលកន្លងមក រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង-ស្រុកមួយចំនួនបានរៀបចំជាពិធីអបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អទីក្រុង និងដាក់ភ្លើងបំភ្លឺជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ចំពោះរាជធានីភ្នំពេញ តាមការវាយតម្លៃបឋមរបស់អាជ្ញាធរ មានប្រជាពលរដ្ឋជាង៣៦ម៉ឺននាក់បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជា នៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា វិមានឈ្នះ-ឈ្នះ និងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម។

គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ ១០០% ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្សេងៗក៏បានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញកាន់តែច្រើនឡើង។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន ដោយមានការទទួលទានអាហារ-ភេសជ្ជៈ ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ-មិត្តភក្តិ ខ្លះទៀតក៏បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋានផាប់ (Pub) និង Sky Bar នានា។

លោកបានបញ្ជាក់ដែរថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ និងណែនាំពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ជាដើមមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានរៀបចំកម្លាំងប្រចាំការនៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន។

បើតាមលោក ថោង ខុន បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋនឹងបន្តដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានារហូតដល់ចុងសប្តាហ៍នេះ៕