(ភ្នំពេញ)៖ ដើម្បីរំឭកដល់កម្រងព្រះរាជអនុស្សាវរីយ៍នៃព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បណ្ណាល័យសម្ដេចម៉ែក៏បានសម្រេចបោះពុម្ភផ្សាយ និងអនុញ្ញាតឱ្យប្រើប្រាស់នូវប្រតិទិនឆ្នាំថ្មី ឆ្នាំសកល ២០២២ ដោយភ្ជាប់ជាមួយនូវកម្រងព្រះឆាយាលក្ខណ៍នៃព្រះបរមរតនកោដ្ឋ នាឱកាសខួប១០០ឆ្នាំ ចាប់ពីពេលដែលព្រះអង្គប្រសូត្រនៅឆ្នាំ១៩២២ រហូតឆ្នាំ២០២២នេះ។

នៅលើក្របខាងមុខនៃប្រតិទិននេះ គឺបានរំលេចនូវគំនូរព្រះឆាយាលក្ខណ៍ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» យ៉ាងល្អវិចិត្រល្អន់ល្អិតផ្ចិតផ្ចង់ ដែលស្ដែងអំពីព្រះរាជសកម្មភាពបំពេញព្រះរាជបូនីយកិច្ចចំពោះព្រះរាជនគរកម្ពុជា អមដោយប្រាសាទព្រះវិហារអង់អាចសម្ដែងឫទ្ធ និងវិមានឯករាជ្យផុសមាំត្រដាតពណ៌ក្រហមចាស់ រីឯខាងឆ្វេងក្របបន្ដិចក៏មានរំលេចនូវព្រះរាជសង្ហារនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ នៅផ្នែកខាងក្រោមព្រះឆាយាលក្ខណ៍ គឺមានសរសេរនូវឃ្លាជាភាសាអង់គ្លេសថា KING NORODOM SIHANOUK 100 (1922-2022)។ នៅត្រង់អត្ថន័យនៃលេខ 100 (1922-2022) នេះ គឺចង់បញ្ជាក់អំពីខួប១០០ឆ្នាំដែលព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ទ្រង់ប្រសូត្រនៅឆ្នាំគ្រិស្ដសករាជ១៩២២ រហូតមកដល់ឆ្នាំគ្រិស្ដសករាជ២០២២នេះ។

ជាការពិតណាស់ នៅតាមទំព័រនីមួយៗនៃប្រតិទិននេះគឺមានបង្ហាញនូវរូបភាពអនុស្សាវរីយ៍ដែលស្ដែងអំពីព្រះរាជសកម្មភាព និងព្រះរាជបូនីយកិច្ចចំពោះជាតិមាតុភូមិកម្ពុជារបស់ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» តាំងពីពេលដែលព្រះអង្គឡើងគ្រងរាជសម្បត្តិដំបូងរហូតដល់ពេលព្រះអង្គផ្ទេររាជសម្បត្តិថ្វាយព្រះរាជបុត្រា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ លើសពីនេះក៏មានបង្ហាញនូវព្រះឆាយាលក្ខណ៍សម្ដេចព្រះមហាក្សត្រិយ៍ ព្រះបរមនាថ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមេដឹកនាំប្រទេសមួយចំនួនលើសកលលោកផងដែរ។

ខាងក្រោមនេះគឺជាគំរូដើមនៃប្រតិទិន KING NORODOM SIHANOUK 100 (1922-2022) សម្រាប់ឆ្នាំថ្មី ឆ្នាំសកល ២០២២៖