(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានអំពាវនាវដល់ អតីតបុគ្គលិកណាហ្គាវើលដ៍ទាំងអស់ ឱ្យបញ្ឈប់បាតុកម្មជាបន្ទាន់ និងសូមវិលមកអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃការដោះស្រាយវិវាទការងាររួមវិញ។ នេះបើតាមសេចក្តីអំពាវនាវរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមសេចក្តីអំពាវនាវនេះ ក្រសួងការងារ បានលើកឡើងថា ការធ្វើសកម្មភាពសម្តែងមតិនាពេលកន្លងមកនេះ គឺជាបាតុកម្មខុសច្បាប់ និងបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិតដែលកំពុងធ្វើការផង ផលប្រយោជន៍និយោជកផង និងសាធារណជនផង។

«ក្រសួងសូមធ្វើការអំពាវនាវដល់បងប្អូនដែលកំពុងធ្វើការតវ៉ាឱ្យបញ្ឈប់ការតវ៉ានេះជាបន្ទាន់ និងសូមវិលមកអនុវត្ត ឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃការដោះស្រាយវិវាទការងាររួមវិញ ស្របតាមស្មារតីមាត្រា៣០២ ដល់មាត្រា៣១៧ នៃច្បាប់ស្តីពីការងារ និងប្រកាសលេខ៣១៧សកបយ. ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០១ ស្តីពីនីតិវិធីនៃការដោះស្រាយវិវាទការងាររួម ដែលបានកំណត់នីតិវិធីបន្ត គឺត្រូវប្តឹងទៅតុលាការ ដើម្បីបញ្ចប់ករណីវិវាទ ក្រោយពេលការផ្សះផ្សា ការចេញសេចក្តីបង្គាប់ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការអនុវត្តវិធានការវិវាទស្របច្បាប់ មិនអាចរកដំណោះស្រាយបាន»។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីអំពាវនាវ។

ចំពោះកម្មករនិយោជិតដែលកំពុងធ្វើការតវ៉ា ដោយលើកមូលហេតុថា និយោជកបានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ដល់ខ្លួនមិនត្រឹមត្រូវតាមច្បាប់ ក្រសួងការងារស្នើឱ្យទាក់ទងមកក្រសួង តាមរយៈទូរស័ព្ទលេខ ០១២ ៨៧២ ១៦១/០៩២ ៨៨៨ ៥៨៥/០៨៧ ៥២៥ ៦៥៦ ដោយផ្តល់នូវព័ត៌មានអំពីប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ ដែលខ្លួនធ្លាប់ទទួលបាន រូបមន្តគណនា និងមូលដ្ឋានគណនា ដើម្បីក្រសួងធ្វើការផ្ទៀងផ្ទាត់ឡើងវិញ។

ក្រសួងការងារ នឹងបង្គាប់ឱ្យនិយោជកធ្វើការទូទាត់សំណងបន្ថែម ក្នុងករណីដែលកម្មករនិយោជិតទាំងនោះ បានសហការផ្តល់ព័ត៌មានពេញលេញ ហើយក្រសួងរកឃើញថា និយោជកពិតជាបានគណនាមិនត្រឹមត្រូវតាមច្បាប់ពិតប្រាកដមែន៕