(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២២។

តាមរយៈសារលិខិត សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា៖ «ក្នុងឱកាសដ៏ឧត្តុងឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ខ្ញុំនិងភរិយា សូមប្រសិទ្ធពរជ័យសិរីមង្គលដ៏បវរមហាប្រសើរថ្លៃថ្លាគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ វិបុលភាព និងសុភមង្គលក្នុងគ្រួសារ ព្រមទាំងសម្រេចបានជោគជ័យធំៗថ្មីថែមទៀត ក្នុងបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងដើម្បីកិត្យានុភាពកាន់តែខ្ពស់ត្រដែតលើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀត នៅក្នុងឱកាសដ៏មហាវិសេសវិសាលបំផុតនេះ ខ្ញុំបាទសូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត និងភក្តីភាពឥតងាករេចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសូមគាំទ្រទាំងស្រុងរាល់ចំណាត់ការនានា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងនីតិរដ្ឋ ថែរក្សាស្ថិរភាពនយោបាយ និងសុខសន្តិភាពរបស់កម្ពុជា។

ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រលាញ់ សូមបានប្រកបដោយពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»