(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានដាក់ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ការដាក់ជូនយុទ្ធសាស្រ្តនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពីមហិច្ឆតាអាកាសធាតុ របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២០ ដើម្បីដាក់ឱ្យប្រើប្រាស់នៅដំណាច់ឆ្នាំ២០២១។ ការរៀបចំយុទ្ធសាស្ត្រនេះជាជំហានមួយដ៏សំខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រទេសគាំទ្រ នូវសកម្មភាពពហុភាគីក្នុងកិច្ចការងារប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញភាពជាដឹកនាំតាមរយៈការអនុវត្តជាក់ស្តែងនូវសកម្មភាពអាកាសធាតុ។

កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសភាគីនៃអនុសញ្ញា UNFCCC ចំនួន៤៩ ដែលបានដាក់ជូននូវយុទ្ធសាស្រ្តនេះទៅកាន់លេខាធិការដ្ឋានអនុសញ្ញា UNFCCC គិតត្រឹមពេលបច្ចុប្បន្ន ហើយជាប្រទេសអភិវឌ្ឍន៍តិចតួចទីពីរដែលបានដាក់ជូនយុទ្ធសាស្ត្រនេះដោយកំណត់ គោលដៅច្បាស់លាស់សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ ប្រការនេះបញ្ជាក់អំពីសក្ខីភាពមួយថ្មីទៀតលើការប្តេជ្ញាចិត្តដ៏រឹងមាំ សង្គតិភាព និងមានឆន្ទៈនយោបាយខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។

ទោះបីកម្ពុជា ចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្តីតែតាមរយៈយុទ្ធសាស្រ្តនេះ កម្ពុជាបានបង្ហាញឆន្ទៈ និងជំហររបស់ខ្លួនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នាផ្អែកតាមសមត្ថភាពរៀងៗខ្លួន»

យុទ្ធសាស្រ្តនេះ មានគោលបំណងដើម្បីផ្តល់នូវផែនទីបង្ហាញផ្លូវ ផ្អែកលើការវិភាគគ្រប់ជ្រុងជ្រោយ និងសេណារីយ៉ូពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមទាំង សកម្មភាពកាត់បន្ថយអាទិភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននាពេលអនាគត។ យុទ្ធសាស្រ្តនេះរួមបញ្ចូលការវិភាគអំពីតុល្យភាពរវាងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការរីកចម្រើនសេដ្ឋកិច្ច យុត្តិធម៌សង្គម និងភាពធន់នឹងអាកាសធាតុ។

កម្ពុជាអាចសម្រេចបានអព្យាក្រឹតកាបូនត្រឹមឆ្នំា២០៥០ តាមរយៈទី១៖ ការបន្តកិច្ចខិតខំប្រឹងប្រឹងលើការអនុវត្តកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័នដែលកើតឡើងដោយសារការបាត់បង់ និងការរេចរឹលព្រៃឈើ (REDD+) និងកំណែទម្រង់វិស័យព្រៃឈើរួមមាន ការអភិវឌ្ឍវិស័យព្រៃឈើប្រកបដោយនិរន្តរភាព, ទី២៖ ការកាត់បន្ថយការបញ្ចេញឧស្ម័នពីវិស័យថាមពល និងការដឹកជញ្ជូន និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល និង៣៖ ការលើកកម្ពស់កសិកម្មបញ្ចេញកាបូនតិច ដំណើរការឧស្សាហកម្ម និងការគ្រប់គ្រងសំណល់។

ការអនុវត្តយុទ្ធសាស្ត្រ LTS4CN នឹងរួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំបន្ថែមចំនួន ២,៨% នៅឆ្នំា២០៥០ (ស្មើនឹង ៤,២ ប៊ីលានដុល្លារសហរដ្ឋអាម៉េរិក) ហើយអាចបង្កើតការងារបន្ថែមចំនួន ៤៤៩,០០០កន្លែង និងជំរុញការអនុវត្តសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍបញ្ចេញកាបូនតិច។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន និងដៃគូនានារួមមាន៖ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ប្រទេសស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ចក្រភពអង់គ្លេស ធនាគារពិភពលោក អង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ ដែលបានជួយគាំទ្រ និងសហការក្នុងដំណើរការរៀបចំយុទ្ធសាស្រ្តនេះ។ យើងសង្ឃឹមយ៉ាងមុតមាំថាយើងនឹងអាចបង្កើត និងអនុវត្តក្នុងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្ត LTS4CN។

ព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនអាចទាញយកបានក្នុងតំណភ្ជាប់៖ https://unfccc.int/sites/default/files/resource/KHM_LTS_Dec2021.pdf