(កំពង់ស្ពឺ)៖ រោងចក្រវ៉ាសាន់ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នេះបានរៀបចំពិធីពិសារអាហាសាមគ្គី អបអរសាទរបុណ្យចូលឆ្នាំថ្មី និងអបអរសាទរខួបលើកទី១៣០ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ដែលមានកម្មករ-កម្មការិនីចូលរួមចំនួនជិត៣០០០នាក់ និងមានការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC លោក ចក់ បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ និងមានស្ថាប័នមួយចំនួនទៀត។

លោកអគ្គនាយករោងចក្រវ៉ាសាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកអភិបាលខេត្ត និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយ ពេលដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងកម្មវិធីពិសារអាហារសាមគ្គី និងអរគុណដល់កម្មករទាំងអស់ដែលបានសហការល្អជាមួយក្រុមហ៊ុន និងសូមបន្តសហការឲ្យប្រសើរជាងនេះទៀត ដើម្បីជោគជ័យទាំងអស់គ្នា។

លោកអគ្គនាយកក៏បានជូនពរដល់គណៈអធិបតី ភ្ញៀវកិត្តិយស និងកម្មករទាំងអស់ជួបតែសំណាងល្អនិងជោគជ័យគ្រប់ភារកិច្ចសម្រាប់ឆ្នាំថ្មីប្រពៃណីខ្មែរ។ លោក សោម អូន បានជម្រាបជូនដល់បងប្អូនកម្មករទាំងអស់នូវ សភាពការណ៍ទូទៅមួយចំនួនពាក់ព័ន្ធ និងវិស័យឧស្សាហកម្មកាត់ដេរ ក្នុងនោះបានរំលឹកឡើងវិញអំពីនីតិនៃការតម្លើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត ដែលបានកំណត់ពិភាក្សាតម្លើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៧ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនឹងត្រូវបានតម្លើងបន្ថែមទៀតស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ។

លោកក៏បានលើកឡើងផងដែរ អំពីផលប្រយោជន៍ថ្មីមួយទៀតសម្រាប់កម្មករនិយោជិត ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាទើបតែចុះហត្ថលេខាដាក់ឲ្យអនុវត្ត គឺការថែទាំសុខមាលភាពរបស់កម្មករ នៅពេលកម្មករទៅការពិនិត្យ និងព្យាបាលជម្ងឺដោយមិនបង់លុយ ហើយគោលការណ៍ថ្មីនេះ នឹងចាប់អនុវត្តចាប់ពីខែ ឧសភា ឆ្នាំ២០១៦នេះតទៅ។ លោកក៏បានកោតសរសើរដល់សហជីពកម្មករកម្ពុជាប្រចាំរោងចក្រវ៉ាសាន់ និងភាគីក្រុមហ៊ុនដែលបានសហការគ្នាល្អ បង្កើតបានអនុសញ្ញារួម-CBA ដែលជាមូលដ្ឋានគ្រឹះធ្វើឲ្យមានសន្តិភាពនៅកន្លែងការងារ និងបានផ្តល់ទំនុកចិត្តដល់ការបញ្ជាទិញ ធ្វើឲ្យមានកំណើតកម្មកររហូតជិត៣០០០នាក់។

លោក វ៉ី សំណាង បានសំដែលនូវសេចក្តីរំភើបសប្បាយរីករាយដែលបានចូលរួមសំណេះសំណាល ជាមួយបងប្អូនកម្មករនៅថ្ងៃនេះ និងបានក្រើនរំលឹកដល់បងប្អូនកម្មករទាំងអស់ទៅធ្វើអត្តសញ្ញាណប័ណ្ឌឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍សម្រាប់ការអនុវត្តរបស់បេឡាជាតិរបបសន្តិសង្គម( ប ស ស) គឺច្បាប់សោធននិវត្តដែលរាជរដ្ឋាភិបាលនឹងអនុវត្តនៅឆ្នាំ២០១៧ខាងមុខនេះ ដែលកម្មករទាំងអស់នឹងមានសំណាងទទួលបានប្រាក់សោធននិវត្តដូចមន្ត្រីរាជការដែរ។

លោកបានបន្ថែមថាដោយ សារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ចាប់ពីខែឧសភា ឆ្នាំ២០១៦តទៅ បងប្អូនកម្មករទាំងអស់នឹងទទួលការពិនិត្យជម្ងឺ និងព្យាបាលជម្ងឺដោយមិនបង់លុយ ដែលបញ្ហានេះបងប្អូនកម្មករយើងពិតជាមានសំណាងជាងមន្ត្រីរាជការទៅទៀត។ សូមបញ្ជាក់ថា កម្មវិធីខាងលើនេះក៏មានការចាប់រង្វាន់ធំតូចជាច្រើនរង្វាន់ និងជាពិសេសមានការរាំកំសាន្តបទញីកែងជើងយ៉ាងសប្បាយរីករាយទៀតផង៕