(ភ្នំពេញ)៖ លោក ហួត សេងទ្រី ត្រូវជាប្អូនបង្កើតសពឧបាសកឧកញ៉ា ថៃ សេងឡុង និងក្រុមគ្រួសារទាំងមូល បានផ្ញើលិខិតគោរពថ្លែងអំណរគុណជូនសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសារលិខិតរំលែកទុក្ខជូន ឧបាសក ឧកញ៉ា ថៃ សេងឡុង ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៨៖៣០នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រុមគ្រួសារសពឧកញ៉ា ថៃ សេងឡុង បានលើកឡើងថា «ខ្ញុំបាទសូមសម្តែងនូវការគោរព និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្នុងពិធីបុណ្យសព ឧបាសកឧកញ៉ា ថៃ សេងឡុង។

សារលិខិតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារយើងខ្ញុំទាំងអស់គ្នានឹងមិនអាចបំភ្លេចបាននូវសន្ដានចិត្តដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចតេជោ បានឡើយ»។

ក្រុមគ្រួសារសពទាំងមូល សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារព្រមទាំងចៅៗទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕