(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលទៅលេងកម្សាន្តនៅក្នុងខេត្តសៀមរាប ឱ្យប្រុងប្រយ័ត្ន និងទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាត ជាពិសេសជំងឺកូវីដ-១៩ ដែលកំពុងញាំញីពិភពលោករហូតមកដល់សព្វថ្ងែ ទោះបីជាប្រទេសកម្ពុជាមានការធូរស្បើយបន្តិចក៏ដោយ ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងលាងដៃនឹងអាកុលជាប្រចាំផងដែរ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋសម្រាកលំហែកាយចូលឆ្នាំសកល ត្រូវធ្វើដំណើរកម្សាន្តតដោយមានការទទួលខុសត្រូវខ្ពស់ ពាក់ម៉ាស់ លាងដៃនឹងទឹកអាកាល់ ឬជែលជាប្រចាំ។ល។ រដ្ឋបាលខេត្តសង្ឃឹម និងជឿជាក់ថា ភ្ញៀវទេសចរ និងសាធារណជន អនុវត្តតាមវិធានការសុវត្ថិភាពសុខាភិបាលអោយបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ទីតាំងដែលអាជ្ញាធរខេត្តរៀបចំសម្រាប់ពិធីអបអរបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២១-២០២២ រួមមាន ក្រុងសៀមរាប នៅខាងមុខបរិវេណសួនច្បារព្រះរាជដំណាក់ និងតំបន់ផាប់ស្ទ្រីត ផ្សារចាស់ ស្រុកស្វាយលើ នៅជើងភ្នំគូលេន (ផ្លូវឡើងភ្នំថ្មី) ភូមិបិទផ្កា ឃុំស្វាយលើ ស្រុកស្រីស្នំ នៅរមណីដ្ឋានស្រីស្នំភូមិខ្ញុំ ភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកវ៉ារិន នៅសហគមន៍ព្រៃឈើចង្ក្រានរយ និងស្រុកបន្ទាយស្រី មាន ០៥ទីតាំង ទីតាំងទី១៖ តាំងពិព័រណ៍អាហារជនបទ នៅភូមិព្រះដាក់, ទី២៖ អាហារ Buffet និងបោះតង់ នៅភូមិលំហែសរសី, ទី៣៖ បោះតង់ និងតន្ត្រីស្គរដៃ នៅសួនក្រអូមឃុនរាម, ទី៤៖ បោះតង់ និងតន្ត្រីស្គរដៃ នៅបន្ទាយស្រីទេវី និងទី៥៖ ពិព័រណ៍ និង Concert ដីឡូត៍ ឡេង ណាវ៉ាត់ត្រា នៅភូមិតាកុះ ឃុំខ្នារសណ្ដាយ៕