(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីផ្ទុះគ្រាប់បែក២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ដោយ១គ្រាប់មានចម្ងាយប្រមាណ១០០ម៉ែត្រ និង១គ្រាប់ទៀតមានចម្ងាយប្រមាណ១៥០ម៉ែត្រ ប៉ុន្តែគ្រាប់បែកទាំងនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។

ការផ្ទុះគ្រាប់បែកនេះ បានកើតឡើងមុន១សប្តាហ៍ប៉ុណ្ណោះនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់ លោក មីន អោមលាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលសម្តេចគ្រោងនឹងធ្វើទស្សនកិច្ចនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

លោក កុយ គួង បានបញ្ជាក់ថា តាមការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ានម៉ា បានឱ្យដឹងថា គ្រាប់បែកទាំងនេះ គឺជាគ្រាប់បែកច្នៃឱ្យលឺសំឡេងតែប៉ុណ្ណោះ មិនបានបង្កឱ្យមានរបួសស្នាមនោះទេ។ ពេលនេះ ខាងសន្តិសុខមីយ៉ាន់ម៉ា បានបង្កើតការប្រុងប្រយ័ត្ន និងការពារបន្ថែមទៀតទាក់ទងនឹងការពង្រឹងសន្តិសុខ ទាំងនៅស្ថានទូត ផ្ទះរបស់អគ្គរដ្ឋទូត និងមន្រ្តីទូតរបស់កម្ពុជា។

លោកបញ្ជាក់ដូច្នេះថា៖ «ការផ្ទុះនេះ គឺជាគ្រាប់បែកច្នៃទេ ដែលគេច្នៃឱ្យតែឮសូរសំឡេងទេ ខាងទូតយើងបានសាកសួរបញ្ជាក់ទៅខាងអាជ្ញាធរមីយ៉ាន់ម៉ា គឺអត់មានរបួសស្នាមទេ គ្រាន់តែឱ្យឮសូរសំឡេង ហើយខាងសន្តិសុខ ប៉ូលិសមីយ៉ាម៉ា ក៏បានបង្កើនការការពារឱ្យមានកម្រិតខ្ពស់ថែមទៀត ដើម្បីសុវត្ថិភាពទាំងស្ថានទូត ទាំងផ្ទះទូត ទាំងមន្រ្តីទូតយើងទាំងអស់ គឺខាងភ្នាក់ងារសន្តិសុខមីយ៉ាម៉ា មានការយាមកាម បានល្អ ហើយច្រកចេញចូលស្ថានទូតយើងគឺប៉ូលិសមីយ៉ាម៉ា មានការយាមកាម ដាក់ប៉ុស្តិ៍ឆែកឆេរត្រឹមត្រូវ»

លោកចាត់ទុកថា ការផ្ទុះ២គ្រាប់នៅព្រឹកមិញនេះ គឺគ្រាន់តែជាការបំពងសំឡេងប៉ុណ្ណោះ។

សូមបញ្ជាក់ថា មីយ៉ាន់ម៉ាកំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ អំឡុងពេលមានបញ្ហាផ្ទៃក្នុងជិតមួយឆ្នាំមកនេះ មីយ៉ាន់ម៉ាដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ដែលធ្វើឱ្យអាស៊ាន មិនអាចមានកុងសង់ស៊ីស ក្នុងការចេញសេចក្តីថ្លែងការណ៍រួមបាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងខិតខំសម្រួលដល់សភាពការណ៍របស់មីយ៉ាន់ម៉ា ដើម្បីបានវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញ និងដើម្បីពង្រឹងមជ្ឈភាពរបស់អាស៊ាន៕