អគ្គនាយកក្រុមហ៊ុន៖ រថយន្តសណ្តោងមានម៉ាស៊ីនតែមួយ តើហេតុអីគិតថ្លៃទៅដល់២រថយន្ត?

(បាត់ដំបង)៖ អគ្គនាយកក្រុមហ៊ុនរកស៊ីទិញដំឡូងមីយីហោ Phang Brother យកទៅលក់នៅប្រទេសថៃ និងនាំចេញតាមច្រកសំពៅលូន ខេត្តបាត់ដំបងនោះ លោក ផង់ ចាន់ធូ បានចោទទៅលើក្រុមមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងថា បានទារលុយពីរថយន្តដឹកដំឡូងមីរបស់លោកលើសច្បាប់អន្តរក្រសួង(ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម)ដែលបានកំណត់ ដែលទង្វើទាំងនេះ បានធ្វើឲ្យប៉ះពាល់ ដល់ដល់ជីវភាពរបស់ប្រជាកសិករ រកស៊ីដាំដំឡូងមីយ៉ាងខ្លាំង។

ការប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋរកស៊ីរបរកសិកម្មមួយនេះត្រូវបាន លោក ផង់ ចាន់ធូ បញ្ជាក់ថា នៅពេលដែលក្រុមមន្រ្តីពាក់ព័ន្ធទាំងនេះទារលុយពីដឹកជញ្ជូនទំនិញកសិផលហួសហេតុ ពេលនោះលោកត្រូវទម្លាក់ថ្លៃ នៃការទិញដំឡូងពីប្រជាពលរដ្ឋ។ ឆ្លើយតបនឹងការចោទប្រកាន់របស់អគ្គនាយកក្រុមហ៊ុន ក្នុងស្រុកមួយនេះ ត្រូវបានប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង លោក ហាក់ សុខរិន បានចេញមកបដិសេធទាំងស្រុង ហើយអះអាងថា មន្រ្តីរបស់លោកបានយកទៅតាមតម្លៃដែលច្បាប់កំណត់។

ប្រធានសាខាកាំកុងត្រូលរូបនេះបានបន្ទរថា ម្ចាស់ក្រុមហ៊ុនមួយនេះ តែងតែមិនធ្វើតាមច្បាប់ទៅវិញ មិនដូចក្រុមហ៊ុនដទៃទៀត ហើយចេះតែអាងអ្នកនេះអាងអ្នកនោះ។ អគ្គនាយកក្រុមហ៊ុន Phang Brother បានប្រាប់ Fresh News នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះថា មន្រ្តីកាំកុងត្រូលបានទារលុយពីរថយន្តដឹកដំឡូងមីរបស់លោករហូតដល់៥ម៉ឺនរៀល ក្នុងមួយរថយន្ត ខណៈដែលសេចក្តីសម្រេចរបស់អន្តរក្រសួងតម្រូវឲ្យបង់តែ២៥០០០រៀលប៉ុណ្ណោះ។

លោកថា ពីមុនលោកបង់ជូន៤ម៉ឺនរៀលក្នុងនោះ២៥០០០រៀល ជាតម្លៃរបស់រដ្ឋកំណត់ក្នុងមួយរថយន្ត និង១៥០០០រៀលសម្រាប់ថ្លៃបាយ តែចាប់ពីដើមឆ្នាំ២០១៦ ស្រាប់តែក្រុមមន្រ្តីទាំងនេះទារប្រាក់ឡើងមួយម៉ឺនរៀលទៀត គឺចំនួន៥ម៉ឺនរៀលសម្រាប់មួយរថយន្ត (រថយន្តសណ្តោង)។

ជុំវិញការលើកឡើងខាងលើនេះ លោក ហាក់ សុខរិន បានឆ្លើយតបទៅវិញថា នៅដើមឆ្នាំ២០១៦ នៅពេលអគ្គនាយកកាំកុងត្រូលលោក ម៉ក់ ពេជ្ជរិទ្ធ មកជួបសំណេះសំណាលជាមួយមន្រ្តីនៅខេត្តបាត់ដំបងនោះ លោកបានប្រាប់ពីគោលការណ៍ថ្មី ឲ្យយកប្រាក់ពីរថយន្តដឹកកសិផល គិតតាមចំនួនឯកតា គឺមួយឯកតា(រថយន្ត ទូក និងកុងតឺន័រ) ត្រូវគិតតម្លៃ២៥០០០រៀល ដូច្នេះក្រុមហ៊ុននោះ ប្រើរថយន្តមានសណ្តោងពីក្រោយ មានន័យថា២ឯកតា ចឹងសរុបតម្លៃចំនួន៥ម៉ឺនរៀល។

លោកបន្តទៀតថា ពីមុនការយកតម្លៃចំនួន៤ម៉ឺនរៀលនោះ គឺជាការយោគយល់ តែក្រោយមានការចេញគោលការណ៍ថ្មី គឺយើងត្រូវគិតតាមច្បាប់កំណត់ ហើយសម្រាប់ក្រុមហ៊ុនដទៃ បានគោរពនូវគោលការណ៍នេះ តែក្រុមហ៊ុនមួយនេះ រឹងរូសជាងគេ ហើយអ៊ួតអាងអ្នកនេះអ្នកនោះមិនដែលសូវស្តាប់ មន្រ្តីជំនាញនោះឡើយ។

ចំពោះការលើកឡើងរបស់ប្រធានសាខាកាំកុងត្រូលខាងលើនេះ អគ្គនាយកក្រុមហ៊ុន បានចោទជាសំណួរថា រហូតមកដល់ពេលនេះ ខាងមន្រ្តីកាំកុងត្រូលមិនបានបង្ហាញ សេចក្តីសម្រេចច្បាស់លាស់ ណាមួយដល់អ្នករកស៊ី និងប្រជាពលរដ្ឋនោះទេ ពោលបង្ហាញរបៀបលឹបលរៗ ដោយមិនបានបញ្ជាក់ឲ្យច្បាស់ថា តើគិតមួយរថយន្ត ឬឯកតា ចំនួន២៥០០០រៀលនេះ?

លោកថា រថយន្តសណ្តោង គឺមានម៉ាស៊ីនតែមួយប៉ុណ្ណោះ ហេតុអីមកគិត២រថយន្ត ពោលផ្ទុយពីអង្គភាពផ្សេងទៀតដូចជា នគរបាល និងគយ គិតតែមួយរថយន្តប៉ុណ្ណោះ៕