(ភ្នំពេញ)៖ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ បានសរសេរលិខិតទូលថ្វាយព្រះមហាក្សត្រ ដើម្បីឱ្យព្រះអង្គមានព្រះរាជអន្តរាគមន៍ ឈានដល់ការដោះលែង លោក អ៊ុំ សំអាន ប៉ុន្តែលោក សុខ ឥសាន តំណាងរាស្រ្តមកពីខាងគណបក្សប្រជាជនកម្ពុជា បានអះអាងថា លិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនាពេលនេះ ធ្វើឡើងដោយខុសនីតិវិធី។

លិខិតទូលថ្វាយ របស់ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញ បានបដិសេធចំពោះសំណើរបស់មេធាវី ដែលស្នើឱ្យ លោក អ៊ុំ សំអាន នៅក្រៅឃុំបណ្តោះអាសន្ន កាលពីម្សិលមិញ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចោទការអនុម័តឱ្យក្រសួងមានសមត្ថកិច្ច បន្តនីតិវិធីចោទប្រកាន់ ចាប់ឃុំខ្លួន លោក អ៊ុំ សំអាន នាពេលកន្លងមក ជាការរំលោភលើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ។

លិខិតនោះបានសរសេរទូលថ្វាយថា «ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមក្រាបបង្គំទូលសុំព្រះករុណាជាម្ចាស់ ទ្រង់មានព្រះមេត្តាជួយធ្វើព្រះរាជអន្តរាគមន៍ឱ្យមានការដោះលែង ឯកឧត្តម អ៊ុំ សំអាន ក្នុងព្រះឋានៈព្រះអង្គទ្រង់មានព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ឱ្យមានភាពទៀតទាត់ ដូចមានចែកក្នុងមាត្រា៩ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»

លោក ឈាង វុន អ្នកនាំពាក្យក្រុមតំណាងរាស្រ្តមតិភាគច្រើននៅក្នុងរដ្ឋសភា បានបដិសេធមិនធ្វើការអត្ថាធិប្បាយ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ។

លោក សុខ ឥសាន តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនេះ គឺចេញខុសនីតិវិធី ខណៈដែល តុលាការកំពុងអនុវត្តនីតិវិធីនៅឡើយ ហើយលោក អ៊ុំ សំអាន ក៏មិនមែនជាទណ្ឌិតថែមទៀត។ លោកថា អ្នកដែលអាចទូលថ្វាយព្រះមហាក្សត្រ ឱ្យលើកលែងទោសដល់ទណ្ឌិតណាម្នាក់ គឺមានតែនាយករដ្ឋមន្រ្តីប៉ុណ្ណោះ។

លោកថា «គោលការណ៍ច្បាប់ ពួកគាត់ មិនមានលទ្ធភាពណាដែលត្រូវស្នើថ្វាយព្រះមហាក្សត្រ ឱ្យលើកលែងទោសនោះទេ យើងដឹងហើយថា ក្នុងច្បាប់មានតែនាយករដ្ឋមន្រ្តី តែម្នាក់គត់ដែលអាចទូលថ្វាយព្រះមហាក្សត្រ មានព្រះលើកលែងទោស ឥឡូវនេះ ឯកឧត្តម អ៊ុំ សំអាន មិនទាន់ទៅជាទណ្ឌិតទេ គាត់នៅក្នុងនីតិវិធីរបស់តុលាការនៅឡើយទេ» ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានលើកឡើងថា ការឃាត់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន គឺត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដែលស្ថិតនៅក្នុងបន្ទុកនៃការញុះញង់ ធ្វើឲ្យមានភាពស្មុគស្មាញ និងជម្លោះជាមួយប្រទេសជិតខាង ដែលប្រឆាំងនឹងរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាវិមានសន្តិភាព កាលពីថ្ងៃសុក្រ សម្តេចតេជោ ហ៊ុន សែន បានអះអាង នេះជាជម្រើសតែមួយគត់ក្នុងកិច្ចថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម ដែលជាដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល និងនីត្យានុកូលភាព ដើម្បីផលប្រយោជន៍ដាច់ខាតរបស់ជាតិ។

លោក អ៊ុំ សំអាន សមាជិករបស់គណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់មករដ្ឋសភាបានបោះឆ្នោត គាំទ្រឱ្យតុលាការ និងសមត្ថកិច្ចអនុវត្តនីតិវិធីបន្ត ចំពោះតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះ។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនដោយសារតែប្រព្រឹត្តិបទល្មើសជាក់ស្តែង៕