(កំពង់ឆ្នាំង)៖ រថយន្តដឹកឈើក្រហម ជាប្រភេទឈើធ្វើផ្ទះ ដែលដឹកចេញពីខេត្តពោធិ៍សាត់ គ្មានលិខិតអនុញ្ញាតត្រឹមត្រូវនោះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង សហករជាមួយកម្លាំង​កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោក និល មករា នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្ទាក់ចាប់បាននៅចំណុច ផ្លូវកៅស៊ូខាងមុខវត្តធម្មវ័ន្ត ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រើ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើខាងលើម៉ាក ទីតាន់ ក្បាលពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0018 ដឹកឈើពីខេត្តពោធិ៍សាត់ យកមកលក់ឲ្យដេប៉ូឈើក្នុងខេត្តកំពង់ឆ្នាំង ក៏ត្រូវឃាត់ចាប់បានតែម្តង ដែលឈើទាំងនោះគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ គឺមានតែវិក័យប័ត្រលក់-ទិញតែប៉ុណ្ណោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ឈើក្រហមដែលដឹកមានចំនួន៦ម៉ែត្រីគុណ ដឹកយកទៅលក់ឲ្យឈ្មោះ ស្រួច ដែលមានដេប៉ូនៅថ្នល់ទទឹង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ប​ច្ចុប្បន្ន រថយន្តដឹកឈើដែលឃាត់ខាងលើ ត្រូវបានរក្សាទុកនៅរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង៕