(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី វត្តព្រែកឯង ស្ថិតនៅសង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឳកាសនោះ លោក ប៉ា សុជាតិវង្ស បានសំណូមពរដល់ព្រះចៅអធិការវត្ត ឲ្យមានការសិក្សាពីបទដ្ឋានត្រឹមត្រូវតាមបច្ចេកទេស សាងសង់ ដើម្បីឲ្យបានអាយុកាលយូរអង្វែង។ ក្រៅពីនោះអភិបាលរាជធានីភ្នំពេញ សំណូមពរឲ្យមានការរៀបចំគណៈកម្មាការមួយរៀបចំយន្តការដឹក នាំប្រមូលធនធានបច្ច័យឲ្យបានច្បាស់លាស់។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា «ព្រះពុទ្ធសាសនារបស់យើងមានអាយុកាល២៥៦០ ឆ្នំាហើយ មកដល់ពេលនេះ ប៉ុន្តែព្រះពុទ្ធសាសនាសម្រាប់កម្ពុជាទើបតែ ចាប់ផ្តើមឡើងវិញ៣៧ឆ្នាំនេះ ព្រោះសាសនារបស់យើងត្រូវបំផ្លាញដោយពួកប៉ុលពត នៅក្នុងរបប ប្រល័យពូជសាន៍ បានកំទេចវត្តអារាម និងបំបាត់មិនឲ្យមានព្រះសង្ឃ វត្តអារាម។ ចាប់ពីឆ្នាំ១៩៧៩មកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេល៣៧ឆ្នាំនេះ វិស័យព្រះពុទ្ធសាសនាមានការើកចំរើនខ្លាំងឡើងវិញ ដោយសារតែប្រទេសយើងទទួលបាននូវសុខសន្តិភាព»

ខណៈចូលរួមនៅក្នុងពិធីនោះ លោក ប៉ា សុជាតិវង្ស យកអំណោយសាលារាជធានីភ្នំពេញ ឧបត្ថម្ភសិស្សកាយរិទ្ធ ចំនួន៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១ម៉ឺនរៀល ឧបត្ថម្ភយុវជនកាកបាទក្រហម ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១ម៉ឺនរៀល ឧបត្ថម្ភអនុ វិទ្យាល័យព្រែកឯង ថវិកាចំនួន១០ម៉ឺនរៀល ឧបត្ថម្ភអនុវិទ្យាល័យព្រែកឯង ថវិកាចំនួន១០ម៉ឺនរៀល និងឧបត្ថម្ភវិទ្យាល័យព្រែកឯងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕