(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឲ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨៖០០នាទីព្រឹកតទៅ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

ស្ពានកំណោងថ្មីនេះ មានប្រវែង២០០ម៉ែត្រ ទទឹង៥.២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរពីមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ការដ្ឋានសាសង់សម្រេចបានលទ្ធផល៩២% គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ ខាងមុខ ហើយមកដល់ពេលនេះ បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន ៥ខ្សែ ក្នុងចំណោម៨ខ្សែ នៃគម្រោង៕