(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺរាតត្បាតជាសកល» នៅបរិវេណស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង។

ជាកិច្ចចាប់ផ្តើមលោក ស្វាយ សំអ៊ាង បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគ-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

បន្ថែមពីនេះលោក ស្វាយ សំអ៊ាង បានបញ្ជាក់បន្ថែមថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗទូទាំងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ជារៀងរាល់ឆ្នាំបានអនុវត្តឆ្លើយតបទៅនឹងសកម្មភាពកិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការយកចិត្តទុកដាក់ខ្ពស់ សម្រួលដល់ការលំបាក របស់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ នៅតាមមូលដ្ឋានក្នុងខេត្តផងដែរ។

ជាមួយគ្នានេះលោក ស្វាយ សំអ៊ាង ក៏បានណែនាំដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់ជាប្រចាំទៅលើការអប់រំ ការផ្សព្វផ្សាយអំពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ដល់សហគមន៍ ជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ព្រមទាំងសហការគ្នាលើកទឹកចិត្តដល់ ប្រជាពលរដ្ឋដែលបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ តាមរយៈការសេវាផ្តល់ប្រឹក្សា ជំរុញធ្វើតេស្តឈាមដោយស្ម័គ្រចិត្តនិងរក្សាការ សម្ងាត់ រួមគ្នាចុះអប់រំតាមមូលដ្ឋានដើម្បីបញ្ឈប់ជាដាច់ខាតនូវគ្រប់ទម្រង់រើសអើង ឬមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា និងជាទង្វើអមនុស្សធម៍ផង។

គួររំលឹកថា ក្នុងឱកាសនោះដែរក៏មានការចែកអំណោយ និងថវិកាដល់ប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយសារជំងឺអេដស៍ និងមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ ដែលក្នុងក្នុងម្នាក់ទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ១យួរ, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) ទឹកគោ ៤កំប៉ុង ស្ករ ១គីឡូក្រោម សាប៊ូ ៤ដុំ និងថវិកា៥ម៉ឺនរៀលផងដែរ៕