(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខ។ នេះបើតាមលិខិតជូនពរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានជូនពរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទូទាំងប្រទេស ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន រស់នៅប្រកបដោយសុភមង្គល និងសូមជួនពរដល់បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ឬគេហដ្ឋាន សូមឆាប់ជាសះស្បើយបានវិលត្រឡប់មកបំពេញការងារនៅអង្គភាពវិញ។

រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ សកលលោកទាំងមូលប្រឈមនឹងវិបត្តិសុខភាពសាធារណៈ បណ្តាលមកពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្ថានការណ៍ដ៏មហាគ្រោះថ្នាក់នេះត្រូវបានគ្រប់គ្រងប្រកបដោយយុទ្ធសាស្ត្រ តាមរយៈការរៀបចំយន្តការ និងការដាក់ចេញវិធានគន្លឹះទប់ស្កាត់មិនឲ្យកម្ពុជាធ្លាក់ក្នុងជ្រោះមរណៈនៃកូវដ៏-១៩ ព្រមទាំងបានប្រកាសឲ្យបើកដំណើរការសកម្មភាពសង្គមឡើងវិញលើគ្រប់វិស័យនៅទូទាំងប្រទេស។

ស្ថិតក្នុងបរិបទនេះបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គមនៅតែមានភាពល្អប្រសើរ និងបានបង្កលក្ខណៈសម្បត្តិសមស្របបម្រើឲ្យសកម្មភាព និងជីវភាពសង្គម ជាពិសេសបន្ទាប់ពីរាជរដ្ឋាភិបាល ប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលភាពវិជ្ជមានទាំងនេះ មិនអាចកាត់ផ្តាច់ចេញពីការចូលរួមយ៉ាងសកម្មពីសំណាក់ កងកម្លាំងនគរបាលជាតិ ដែលបានតស៊ូលះបង់ជំនះគ្រប់ឧបសគ្គី រែកពន់ភារកិច្ចពីរក្នុងពេលតែមួយ គឺដៃម្ខាងពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងដៃម្ខាងទៀតរួមសហការជាមួយគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់ថ្នាក់ ដើម្បីការពារសុខុមាលភាព អាយុជីវិតពលរដ្ឋ និងសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន សូមថ្លែងអំណរគុណអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល្អជាតិទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការព៌ារឯករាជ្យ អធិបតេយ្យជាតិ បូរណ៍ភាពទឹកដី ក៏ដូចជាបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ អគ្គស្នងការ ក៏បានដាស់តឿនក្រើនរំលឹកដល់បងប្អូនកងកម្លាំងនគរបាលជាតិទូទាំងប្រទេស សូមបន្តបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នថែរក្សាសុខភាព ធ្វើជាគំរូជូនសាធារណជន ព្រមទាំងអប់រំណែនាំដល់សមាជិកក្រុមគ្រួសារឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភ៌បាល និងវិធានការ ៣ការពារ ៣កុំ៕