(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកប្របត្តិការបង្រ្កាបករណីរក្សាទុក និងជួញដូរថ្នាំញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនជិត៥០កញ្ចប់តូច-ធំ និងសម្ភារមួយចំនួនទៀតនៅចំណុចភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង។

លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានឱ្យភ្នាក់ងារព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះថា ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំសម្របសម្រួលនិតិវិធីពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណីនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង។

នៅក្នុងប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងថ្នាំញៀន មេតាំហ្វេតាមីនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨កញ្ចប់ ក្នុងនោះកញ្ចប់ធំ ចំនួន៤០កញ្ចប់, និងកញ្ចប់តូច ចំនួន៨កញ្ចប់ មានទម្ងន់ ៧៧៤ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមនីតិវិធីច្បាប់៕