(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បានចេញលិខិតជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការកែសម្រួលតួនាទី និងភារកិច្ចរបស់ក្រសួងទាំងពីរ ពាក់ព័ន្ធនឹងសមត្ថកិច្ច និងការគ្រប់គ្រងតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដី សេដ្ឋកិច្ច និងការគ្រប់គ្រងតំបន់ការពារ និងអភិរក្សព្រៃឈើ និងជលផល។

រាជរដ្ឋាភិបាលសម្រេចលើការសម្រួលតួនាទី និងភារកិច្ចរបស់ក្រសួងទាំងពីរដូចខាងក្រោម៖​
១៖ ផ្ទេរគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចចំនួន ៧៣ (ចិតសិបបី) ព្រមទាំងឯកសារពាក់ព័ន្ធទាំងអស់ ពីក្រសួងបរិស្ថានទៅឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់គ្រង

២៖ ផ្ទេរតំបន់ងការពារ និងអភិរក្សព្រៃឈើចំនួន ១៣(ដប់បី) កន្លែង ព្រមទាំងឯកសារពាក់ព័ន្ធទាំងអស់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅឲ្យក្រសួងបរិស្ថានគ្រប់គ្រង។

៣៖ ផ្ទេរតំបន់ព្រៃផ្តល់ផលចំនួន០៥ (ប្រាំ) កន្លែងរួមមាន ព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច និងព្រៃវ៉ឺនសៃ ព្រមទាំងឯកសារពាក់ព័ន្ធទាំងអស់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅឲ្យក្រសួងបរិស្ថានគ្រប់គ្រង ហើយអនុញ្ញាតឲ្យក្រសួងបរិស្ថានបន្ត នីតិវិធីក្នុងការដាក់បញ្ចូលព្រៃផ្តល់ផលទាំង០៥កន្លែងនេះ ជាតំបន់ការពារ និងអភិរក្សព្រៃឈើ។