(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កងយោធពលខេមរភូមិន្ទ ដែលជាកងទ័ពជាតិសព្វថ្ងៃនេះ គឺសម្តេចជាអ្នកបង្កើតឡើង និងផ្តាំកុំឲ្យមានការចង់ដណ្តើមស្នាដៃពីសម្តេច រឿងបង្កើតកងទ័ពនេះឲ្យសោះ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិកងទ័ពរបស់កម្ពុជា មានកំណើតផ្សេងៗគ្នា។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីប្រវត្តិនៃការបង្កើតកងទ័ពកម្ពុជា ដែលជាទូទៅត្រូវបានគេដឹងថា ចាប់តាំងពីក្រោយសម័យអាណានិគមនិយមបារាំង ៩ វិច្ឆិកា ឆ្នាំ១៩៥៤។

បន្តនិយាយអំពីប្រវត្តិកងទ័ពនេះ សម្តេចតេជោ បានលើកឡើងទៀតថា កងយោធពលខេមរភូមិន្ទ ដែលជាកងទ័ពបង្កើតឡើង ដោយព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានក្លាយទៅជាកងទ័ពរបស់លោកសេនាប្រមុខ លន់ នល់ អស់ទៅហើយ និងធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង។ បន្តទៀត ក៏មានការបង្កើតកងទ័ពខ្មែរក្រហម ហើយក៏មានទ័ពដែលដោយ ហ្វ៊ុន ស៉ិនប៉ិច ដែលសុទ្ធតែជាកងទ័ព ត្រូវបានបង្កើតឡើងមុនមានការឯកភាពជាតិ។

ក្រោយមកទៀត ក៏មានការបង្កើតកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីរួកកម្លាំងផ្តួលរំលំខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា «សាមគ្គីសង្គ្រោះជាតិកម្ពុជា» គឺជាឈ្មោះរបស់សម្តេចដាក់ចេញ ពេលបង្កើតចលនាកងទ័ព។ សម្តេចសប្បាយរីករាយ នៅពេលដែលពាក្យ សាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានភាគីទាំងអស់ព្រមទទួលយកឈ្មោះនេះ អញ្ចឹងឈ្មោះកងទ័ពជាតិ ក៏មិនចាំបាច់ផ្លាស់ប្តូរនោះដែរ។

តាមការបញ្ជាក់ ពីសម្តេចតេជោ ហ៊ុន សែន ការទទួលបានផ្កាយមាស៥ ដែលជាការប្រទានពីព្រះមហាក្សត្រ មិនមែនជារឿងចៃដន្យទេ គឺកើតឡើងដោយសារ ការបង្កើតកងទ័ពថ្មីនេះ និងការងារដែលសម្តេចបានធ្វើ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «[ប្រវត្តិកងទ័ពរបស់កម្ពុជា មានកំណើតផ្សេងៗគ្នា] ក៏ប៉ុន្តែកងទ័ពពិតប្រាកដ ដែលនៅសព្វថ្ងៃនេះ ចាប់ផ្តើមពីអ្វី? ដើម្បីបង្កើតអង្គការចាត់តាំងនយោបាយ និងយោធា សម្រាប់រំដោះប្រទេសចេញពី ប៉ុល ពត គឺយើងបានបង្កើតកងទ័ពមួយ ពេលនោះ បើខ្ញុំមិនច្រឡំទេ គឺមាន ២៣កងវរៈសេនាតូច និង ១០០កម្លាំងប្រតិបត្តិការកម្លាំងប្រដាប់អាវុធ ចូលផ្ទៃក្នុងប្រទេស។ ខ្លួនខ្ញុំមិនមែនជាមិនមែនជាមេទ័ពទេ ក៏ប៉ុន្តែគឺជាអ្នកបង្កើតកងទ័ពនេះឡើង ហើយកាន់ជាមេបញ្ជាការកងទ័ពនេះតែម្តង។ ដូច្នេះ ឋានន្តរសក្តិ ដែលខ្ញុំពាក់ជាប់នឹងខ្លួននេះ មិនមែនពាក់ដោយចៃដន្យនោះទេ ក៏ប៉ុន្តែគឺជាព្រះរាជទានរបស់ព្រះមហាក្សត្រ ដែលព្រះអង្គក៏បានដឹងបានយល់អំពីកិច្ចការដែលខ្ញុំបានធ្វើ ក្នុងឋានៈជាទាហាន ជាទាហាន បន្ទាប់ទៅជានាយទាហាន និងបន្ទាប់ទៅជាអ្នកបង្កើតទាហាន»

សម្តេចបានបង្កើត អង្គភាពកងទ័ពដំបូងគឺអង្គភាព ១២៥ ហើយក្រោយមកទៀត ក៏មានការពង្រីកជាវរសេនាតូចជាបន្តបន្ទាប់។ ក្នុងន័យនេះ សម្តេចចង់ឲ្យមានការរំលឹកខួប អង្គភាព ១២៥ ដូចដែលបញ្ជាការដ្ឋានកងអង្គរក្ស រៀបចំខួបកងរវសេនាតូច ២៤៦ ជារៀងរាល់ឆ្នាំដែរ។

សម្តេចបញ្ជាក់ថា «នេះគឺជាប្រវត្តិរបស់វា គឺបែបនេះ។ ឥឡូវនេះមាននាយទាហានមួយចំនួននៅសេសសល់ [...] កងទ័ព ១២៥ តើគួរយើងរៀបចំធ្វើខួបរៀងរាល់ឆ្នាំទេ បើ ២៤៦ រៀបចំជារៀងរាល់ឆ្នាំហើយនោះ? បើសិនជាគ្មានអា (១២៥) ហ្នឹងទេ រណសិរ្ស មានតែកម្លាំងនយោបាយទេ គឺអត់មានកម្លាំងប្រដាប់អាវុធទេ។ នេះ គឺជារឿងពិត ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដណ្តើមស្នាដៃនរណា តែក៏សូមកុំដណ្តើមយកស្នាដៃរបស់ខ្ញុំ»

សូមជម្រាបថា មូលហេតុដែលសម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ព្រោះកន្លងមក មានការវាយប្រហារច្រើនលើសម្តេចដោយចោទថា សម្តេចដណ្តើមយកសិទ្ធិអំណាចដឹកនាំកងទ័ព៕